(ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនាំនៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ក៏ដូចជានៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។ ជាពិសេសអ្នកខេត្តពោធិ៍សាត់ ដែលមានអត្រាគាំទ្រខ្ពស់លើសគេ សង្ឃឹមជឿជាក់ថាប្រជាពលរដ្ឋនឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យទទួលបានទាំង៤អសនៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់ស្រូវពូជ ជូនកសិករជាង ៥ពាន់គ្រួសារនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ជាមូលដ្ឋានជោគជ័យសម្រាប់ការបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមយកឱកាសនេះ ដែលខ្ញុំមិនភ្លេចជាមួយនឹងការថ្លែងអំណរគុណ សម្រាប់អ្នកពោធិ៍សត់របស់យើង និងការអរគុណជាពិសេស សម្រាប់ការគាំទ្រ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ការបោះឆ្នោតឃុំ-សង្កាត់ គឺឈ្នះភ្លូកទឹក ភ្លូកទឹក តែម្តងនៅក្នុងខេត្តពោធិ៍សាត់ និយាយដោយឡែក និងនិយាយទូទាំងប្រទេសនិងយាយជារួម ខេត្តេពោធិ៍សាត់ គឺជាខេត្តដែលគាំទ្រខ្ពស់ណាស់ សម្រាប់គណបក្សប្រជាជន កាលពីឆ្នាំ២០០៨ ខេត្តពោធិ៍សាត់ បានវៃដាច់យកទាំង ៤កៅអីតែម្តង»។
ជាមួយនឹងការបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់, សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើយោងតាមការលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ជាផ្លូវការ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។ ដូច្នេះ សម្តេចសង្ឃឹមជឿជាក់ទៅលើការជឿទុកចិត្តប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យទទួលបាន៤កៅអីតែម្តង សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលដែលបងប្អូនបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា មិនដែលទៅណាចោលបងប្អូននោះទេ ពេលបងប្អូនប្រជាពលរដ្ឋជួបប្រទះបញ្ហា ជាក់ស្តែងក្នុងឆ្នាំ២០២០ រហូតមកដល់ឆ្នាំ២០២២នេះ គឺយើងនៅជាមួយគ្នាក្នុងគ្រាលំបាក ទាំងដំណាក់កាលមានគ្រោះទឹកជំនន់, ដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ គឺរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងដោះស្រាយមិនរុញរាជាដាច់ខាត ដើម្បីយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសប្បាយ ក្រោមដំបូលសន្តិភាព។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា មិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយខ្វះស្បៀងអាហារ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអារម្មណ៍សោកស្តាយដែលកូវីដ១៩ បានវាយប្រហារមកលើពិភពលោក រាប់ទាំងប្រទេសកម្ពុជា ដែលប្រជាជនកម្ពុជាប្រមាណ ៣,០៥៦នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ។ ប៉ុន្តែតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បង្ហាញច្បាស់អំពីការទទួលខុសត្រូវខ្ពស់ ដោយមិនទុកឱ្យប្រជាជនណាខ្វះនូវស្បៀងអាហារ ដែលយើងមិនបានដឹង មិនបានដោះស្រាយនោះទេ ហើយទាក់ទងនឹងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានយកចិត្តដាក់យ៉ាងខ្លាំង ដោយបានចាក់ស្រោចនូវវ៉ាក់សាំង សម្រាប់ប្រជាពលរដ្ឋផងដែរ ការពារអាយុជីវិត ពីជំងឺដ៏កាចសាហាវនេះ៕