(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានសម្រេចបញ្ជូនអង្ករ ៣០០តោនដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុន ជីបម៉ុង ដោយចែកជូនខេត្តពោធិសាត់១០០តោន, ខេត្តកំពង់ធំ១០០តោន និងបន្ទាយមានជ័យ១០០តោន ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងចែកនូវស្បៀងសង្គ្រោះបន្ទាន់ ព្រមជាមួយពូជស្រូវ រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដើម្បីប្រជាពលរដ្ឋប្រើប្រាស់ក្នុងការស្ដារឡើងវិញ នូវដំណាំរបស់ខ្លួនដែលរងនូវផលប៉ះពាល់ផងដែរ។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យបន្ដការយកចិត្ដទុកដាក់ តាមរយៈយុទ្ធការក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន, ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន, កាកបាទក្រហមកម្ពុជា និងសប្បុរសជន ជួយដល់បញ្ហាស្បៀង នៅទីកន្លែងដែលមានការខូចខាតធ្ងន់ និងអ្នកទីទ័លផងដែរ៕