(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានប្រាប់ Fresh News នៅមុននេះបន្តិចថា ជនដែលបានប្រើឈ្មោះរបស់ថ្នាក់ដឹកនាំទៅទិញលក់ដីតម្លៃជិត ១លានដុល្លារអាមេរិកនោះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «ឆបោក»។
លោក លី សុផាន់ណា បានឲ្យដឹងថា សំណុំរឿងរបស់ជនឆបោកទាំង ៣នាក់នេះ ត្រូវបានបញ្ជូនដល់ដៃចៅក្រមស៊ើបសួរហើយ តែការសាក សួរនៅមិនទាន់បញ្ចប់នៅឡើយទេ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ ហើយត្រូវលើកទៅសាកសួរបន្តនៅថ្ងៃអាទិត្យ ស្អែកទៀត។
សូមបញ្ជាក់ថា មនុស្ស ៣នាក់រួមមាន៖ ឈ្មោះ សួន មាន ភេទប្រុស អាយុ ៤៧ឆ្នាំ, ឈ្មោះ ហង្ស សុខា អាយុ ៤៧ឆ្នាំ និង ឈ្មោះ ស៊ុន សុខហេង អាយុ៥៨ឆ្នាំ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ នេះ។
ជនសង្ស័យទាំង ៣នាក់ ត្រូវបានឃាត់ខ្លួន តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សូ ណាវី។ សមត្ថកិច្ច បានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ៣នាក់នេះ មានជនសង្ស័យម្នាក់ឈ្មោះ សួន មាន បានយកឈ្មោះថ្នាក់ដឹកនាំក្រសួងបរិស្ថាន និង កូនថ្នាក់ដឹកនាំជាន់ខ្ពស់ដើរទិញដីឲ្យអ្នកវិនិយោគបរទេសក្នុងតម្លៃជិត ១លានដុល្លារ នៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែធាតុពិតមិនមានដីនោះទេ។ សមត្ថកិច្ចបន្តថា ពេលជនរងគ្រោះទារលុយវិញ មិនមានលុយសងហើយ បែរជាយកឈ្មោះកូនថ្នាក់ដឹកនាំទៅគំរាមទៀត។
ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ហង្ស សុខា ក៏បានយកឈ្មោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ទៅដើរទិញលក់ដីពីឈ្មោះ ស៊ុន សុខហេង ប៉ុន្តែត្រូវបានបែកការណ៍៕