(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេស អាស៊ាន-ចិន នៅទីក្រុងយូណាន ប្រទេសចិន នាថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០១៦ សប្តាហ៍្រក្រោយនេះ។
នៅក្នុងកិច្ចប្រជុំនេះ, រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ក៏នឹងពិភាក្សាផងដែរ អំពីការអនុវត្តដោយពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ នៃការប្រតិបត្តិរបស់បណ្តាភាគីក្នុងសមុទ្រចិនខាងត្បូង (DOC) និងការពិគ្រោះយោបល់អំពីក្រមប្រតិបត្តិ COC ផងដែរ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។
ការទៅចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតាមការអញ្ជើញរបស់ លោក វីវៀន បាឡាគ្រីស្នាន់ រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី ដែលជាសហប្រធានក្នុងកិច្ចប្រជុំខាងលើ។
កិច្ចប្រជុំនេះ នឹងពិភាក្សាអំពី៖
- ពិនិត្យឡើងវិញនូវការរីកចម្រើននៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន ក្នុងរយៈពេល២៥ឆ្នាំ កន្លងមកនេះ
- ពិភាក្សាអំពីទិដៅអនាគត និងវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការ
- ប្រារព្ធខួបលើកទី២៥ នៃទំនាក់ទំនង កិច្ចសន្ទនាអាស៊ាន-ចិន៕