(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែមិថុនា បានបញ្ជូនជនសង្ស័យ៣នាក់មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីប្រើឈ្មោះថ្នាក់ដឹកនាំ ដើម្បីទិញដីតម្លៃជិត១លានដុល្លារ តែធាតុពិតជាដីខ្យល់ ។ រហូតមកទល់ពេលនេះ ជនសង្ស័យទាំង៣នាក់ កំពុងស្ថិតក្រោមការសាកសួររបស់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ឈ្មោះ សួន មាន ភេទប្រុស អាយុ៤៧ឆ្នាំ ឈ្មោះ ហង្ស សុខា អាយុ៤៧ឆ្នាំ និងឈ្មោះ ស៊ុន សុខហេង អាយុ៥៨ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួន មាន បានយកឈ្មោះថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដើរទិញដីឲ្យអ្នកវិនិយោគបរទេស ក្នុងតម្លៃរាប់ម៉ឺនដុល្លារ តែធាតុពិតមិនមានដីនោះទេ។ ក្រៅពីនេះ ឈ្មោះ ហង្ស សុខា ក៏បានយកឈ្មោះលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ស្ពឺ ទៅដើរទិញលក់ដីពីឈ្មោះ ស៊ុន សុខហេង ប៉ុន្តែត្រូវបានបែកការ ៕