(តាកែវ)៖ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ការសម្របសម្រួលនីតិវិធី ពីឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងដោយមានការបញ្ជាផ្ទាល់ ពី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី។
កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី ដឹកនាំដោយលោក អនុសេនីយ៍ឯក ឃុត ចិត្រា អធិការរងទទួលផែនការងារយុត្តិធម៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកុមារាជា ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ នៅត្រង់ចំណុច ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ៖
១៖ ឈ្មោះ រ៉េត ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ
២៖ ឈ្មោះ វ៉ន ចន្ថា ហៅវ៉ិត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ
៣៖ ឈ្មោះ លោ ភារ័ត្ន ហៅបូរី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
ជនសង្ស័យទាំង៣ ជាមុខសញ្ញាលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ)និង ឆក់យ៉ាងសកម្មក្នុងភូមិសាស្រ្តស្រុកបាទី ដូចជាបណ្តោយផ្លូវជាតិលេខ៣,ផ្លូវជាតិលេខ២, ផ្លូវលេខ១២២A (ចាប់ពីវត្តអង្គរោង ដល់សាលាវិទ្យាល័យបាទី), ផ្លវលេខ១២២ (ចាប់ពីផ្សារសំរោងយ៉ោង ដល់ ផ្សារត្រាំខ្នារ) យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
ដោយមានការអនុញ្ញាត ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានប្រគល់ម៉ូតូឲ្យជនរងគ្រោះ ក្នុងករណីកាប់ប្លន់យកម៉ូតូ ដើម្បីយកទៅប្រើប្រាស់វិញ៕