(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ថ្ងៃទី២ បានចាប់ផ្តើមដំណើរការហើយ។
បើតាមក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ២៤ តុលា ២០២២ មានចំនួនសរុប ១៧៤ ៧២៦ នាក់ ស្រី៩៥ ១២៧នាក់, សិស្សចំណេះទូទៅ ១៧៣ ៤៦៦នាក់ ស្រី ៩៤ ៨៧៦នាក់, ស្វៃរិន ១៣៦នាក់ ស្រី ៤៥នាក់, បំពេញវិជ្ជា ១ ០៧៦នាក់ ស្រី ១៩២នាក់, គថ្លង់ ២៩ នាក់ ស្រី ០៩ នាក់, ពិការភ្នែក ១៩ នាក់ ស្រី០៥ នាក់ ដែលមានមណ្ឌលសរុប ១ ៧២៣ បន្ទប់សរុប ៧ ៨១៦។
សម្រាប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖
* ពេលព្រឹក
- ម៉ោង៧៖៣០នាទី ដល់ម៉ោង ៩៖៣០នាទី គណិតវិទ្យា (១២០នាទី)
- ម៉ោង១០៖០០នាទី ដល់ម៉ោង ១១៖០០នាទី ការសរសេរតាមអាន (៦០នាទី)
* ពេលរសៀល
- ម៉ោង១៤៖០០នាទី ដល់ម៉ោង ១៤៖៤៥នាទី ជីវវិទ្យា (៤៥នាទី)
- ម៉ោង១៥៖១៥នាទី ដល់ម៉ោង ១៥៖៥៥នាទី ប្រវត្តិវិទ្យា (៣០នាទី)
- ម៉ោង១៦៖២៥នាទី ដល់ម៉ោង ១៧៖១០នាទី ភាសាបរទេស (៤៥នាទី)
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដែលជាថ្ងៃទី១ នៃដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ក្រសួងអប់រំអះអាងថា បានបញ្ចប់ទៅដោយភាពរលូនល្អ។
ដំណើរការប្រឡងនេះ ក្រសួងអប់រំប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ជាអ្នករៀបចំដដែល ដោយរក្សាយន្តការដូចឆ្នាំកន្លងទៅ។ ក្រសួងអប់រំយុវជន និងកីឡា បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡង ចាប់តាំងពីការរៀបចំវិញ្ញាសារ ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។
សម្រាប់ពេលវេលាប្រកាសលទ្ធផល នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕