(កំពង់ចាម)៖ ខណៈដែលចុះ ទៅខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា បានអះអាងថា នាងបានរកឃើញភស្តុតាង និងសាក្សីមួយចំនួន ចំពោះករណីដែលមន្រ្តីគណបក្សប្រឆាំងបោកប្រាស់ប្រជាពលរដ្ឋ ឱ្យផ្តិតមេដៃគាំទ្រមិនឱ្យមានការចាប់ខ្លួន លោក កឹម សុខា។ សុវណ្ណថា ក៏គ្រោងនឹងបញ្ជូនភស្តុតាងទាំងនោះ ទៅក្រសួងមហាផ្ទៃផងដែរ។
នៅលើបណ្តាញសង្គម Facebook នារសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា បានលើកឡើងថា «ល្ងាចនេះ នាងខ្ញុំធ្វើវេទិកា ពលរដ្ឋចូលរួមជិត ១០០០នាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាមមានពលរដ្ឋជាច្រើនចោទថា មន្ត្រីមូលដ្ឋានបក្សសង្គ្រោះជាតិ បានបោកប្រាស់ពួកគាត់ឲ្យផ្តិតមេដៃរឿង លោក កឹម សុខា ។ ខ្ញុំនឹងរៀបចំភស្តុតាង និងពលរដ្ឋសាក្សី ជូនក្រសួងមហាផ្ទៃ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីស្រាវជ្រាវ និងធ្វើកោសល្យវិច្ឆ័យ លើស្នាមមេដៃប្រជាពលរដ្ឋ លើផ្តិតលើញតិ្តរបស់គណបក្សសង្គ្រោះជាតិ ដែលដាក់ថ្វាយព្រះមហាក្សត្រ នាពេលកន្លងទៅ។
ដោយឡែកគណបក្សសង្រ្គោះជាតិ ក៏ប្រកាសអំពីការហែញត្តិម្តងទៀត ថ្វាយព្រះមហាក្សត្រ ក្នុងពេលឆាប់ៗនេះដែរ៕