(ពោធិ៍សាត់)៖ ប្រជាកសិករមួយរូបនៅក្នុងសង្កាត់ចម្រើនផល ក្រុង-ខេត្តពោធិ៍សាត់ បានបង្ហាញនូវក្តីរីករាយជាខ្លាំង បន្ទាប់ពីបានជួប និងទទួលបានចំណេះដឹងធ្វើស្រែពីមន្ត្រីជំនាញកសិកម្ម។ សប្បាយព្រោះតែគាត់រំពឹងថា ចំណេះដែលទទួលបាននេះ ជួយធ្វើឱ្យការធ្វើស្រែរបស់គាត់ទទួលបានផលល្អប្រសើរ ហើយអាចរកផលកម្រៃពីរបរធ្វើស្រែនេះ។
ក្នុងបទសម្ភាសន៍ជាមួយ Fresh News កសិកររូបនេះ បានបញ្ជាក់ថា រូបគាត់បានធ្វើស្រែអស់រយៈពេលប្រមាណ៣ឆ្នាំមកហើយ មិនដែលទទួលបានផលចំណេញនោះឡើយ។ ការដែលមិនទទួលបានផលចំណេញដោយសារតែការធ្វើស្រែរបស់គាត់មិនបានត្រឹមត្រូវតាមបច្ចេកទេសកសិកម្ម ពោលធ្វើតាមទម្លាប់ និងធ្វើតាមតែការយល់ឃើញ។
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះទៅកាន់សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ ដែលជាតំបន់មួយមានការធ្វើស្រែច្រើន។ ដំណើរចុះទៅនេះ ដើម្បីស្វែងយល់ពីផលប៉ះពាល់របស់ប្រជាកសិករដោយសារតែទឹកចំនួន និងបានសិក្សាពីផលលំបាករបស់កសិករលើការងារធ្វើស្រែផងដែរ។
ក្នុងជំនួបជាមួយប្រជាកសិករប្រមាណជា ២០នាក់ លោក ងិន ឆាយ បានសាកសួរ និងស្តាប់ពីផលលំបាក ក៏ដូចជាបញ្ហាប្រឈមមួយចំនួនរបស់ប្រជាកសិករ ជាពិសេសការធ្វើស្រែដែលមិនសូវទទួលបានផលចំណេញ។
បញ្ហារបស់កសិករ ដែលបានលើកឡើងនាពេលនោះ មានដូចជាបញ្ហាជី និងថ្នាំកសិកម្មថ្លៃ បញ្ហាខ្យងក្រហម ការធ្វើស្រែបានផលតិច និងបញ្ហាអ្នកទិញទម្លាក់ថ្លៃស្រូវជាដើម។
បន្ទាប់ពីបានស្តាប់បញ្ហារបស់កសិករហើយនោះ លោក ងិន ឆាយ បានចែករំលែក និងផ្តល់នូវចំណេះដឹងមួយចំនួនដល់ប្រជាពលរដ្ឋពីការព្រោះស្រូវ ការប្រើប្រាស់ជី ប្រើប្រាស់ថ្នាំកសិកម្ម និងការសម្លាប់សត្វខ្យងក្រហមជាដើម។
បន្ទាប់ពីបានស្តាប់ការចែករំលែកចំណេះដឹងរួចហើយនោះ កសិកររូបនេះ បានបង្ហាញការសប្បាយរីករាយ ហើយបានដឹងថា បច្ចេកទេសដែលខ្លួនធ្លាប់ប្រើប្រាស់កន្លងមកមិនត្រូវតាមបច្ចេកទេសកសិកម្មនោះឡើយ។
ធ្វើស្រែ៣ឆ្នាំកសិកររូបនេះមិនដែលបានជួបមន្ត្រីកសិកម្មចែករំលែកចំណេះដឹងលើរបបកសិកម្មនេះឡើយ។ ដូច្នេះការចែករំលែកនេះ បានធ្វើឱ្យកសិករនៅសង្កាត់ចម្រើនផលរូបនេះរីករាយជាខ្លាំង ហើយក៏បានអំពាវនាវឱ្យក្រសួងកសិកម្មពង្រីកការចែករំលែកចំណេះដឹងកសិកម្មនេះ ឱ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីកសិករមានចំណេះដឹង ហើយធ្វើស្រែមិនខុសឈានទៅទទួលបានផលចំណេញពីរបរកសិកម្ម៕