(ក្រចេះ)៖ សង្គមមួយ សហគមន៍មួយដែលអាចរីកចម្រើនលូតលាស់ទៅបាន ទាមទារចាំបាច់ណាស់ការចូលរួមពីគ្រប់កោសិកានៃសង្គម ដោយមិនអាចពឹងផ្អែកតែលើស្ថាប័ននេះ ឬស្ថាប័ននោះឡើយ។ ឈរលើស្មារតីនេះ កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ បានធ្វើសកម្មភាពរៃអង្គាសថវិកាគ្នា បានប្រមាណ ១៥,០០០ដុល្លារ ជូនសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមសាងសង់សាលាបឋមសិក្សាត្រពាំងទ្រាំង ស្ថិតក្នុងភូមិត្រពាំងទ្រាំង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
ការប្រគល់ថវិកាបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងមន្រ្តីរាជការទាំងអស់ លោក យក់ ប៊ុនណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រៈទ័យ និងទឹកចិត្តសទ្ធាជ្រៈថ្លារបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ថ្នាក់នគរភ្នំ ក្នុងការរួមចំណែកកសាងអគារសិក្សាសម្រាប់ប្អូនៗក្មួយៗ ជាពិសេសយុវជនជំនាន់ក្រោយដែលជាសរសទ្រូងនៃប្រទេសជាតិនៅតាមតំបន់ដាច់ស្រយាលបានរៀនសូត្រគ្រប់ៗគ្នា។ នេះជាលើកទី១ ដែលកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាលបានចូលរួមការងារសង្គមក្នុងការចូលរួមសាងសង់អគារសិក្សាជាការចូលរួមចំណែកកសាងសមិទ្ធផលជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះសាលាបឋមសិក្សាត្រពាំងទ្រាំងមានអគារតែមួយខ្នង សង់ពីឈើប្រក់សង្កសី ដំបូលជញ្ជាំងធ្លុះធ្លាយ មាន ៣បន្ទប់។ សាលានេះ មានសិស្សកំពុងសិក្សាជាង ២០០នាក់ ត្រូវបែងចែកការរៀនជាពីរវេនព្រឹក និងល្ងាច ហើយមានគ្រូចំនួន៧នាក់។
កន្លងមកមានមូលនិធិជប៉ុនបានសន្យាថា នឹងជួយកសាងអគារមួយខ្នង មាន ៥បន្ទប់ រួមជាមួយបដិភាគជាមួយសាលាភូមិន្ទរដ្ឋបាលនៅក្នុងសាលាបឋមសិក្សាត្រពាំងទ្រាំងនេះ ប៉ុន្តែក្នុងកាលៈទេសៈវិបត្តិជំងឺកូវីដ១៩ ជាសាកល បានធ្វើឱ្យខាងមូលនិធិជប៉ុនជួបវិបត្តិសេដ្ឋកិច្ច មានលទ្ធភាពជួយសាងសង់អគារសិក្សា បានមួយខ្នង ៣បន្ទប់ នៅសល់ពីរបន្ទប់ទៀត សាលាភូមិន្ទរដ្ឋបាលជាអ្នកទទួលបន្ទុក ជួយកសាងបង្ហើយឱ្យបានអគារសិក្សាមួយខ្នង មាន ៥បន្ទប់ ស្របតាមស្ដង់ដា ដើម្បីតម្រូវការសិក្សារបស់សិស្សនៅតំបន់ដាច់ស្រយាល។
សូមបញ្ជាក់ដែរថា ផ្ទៃដីទំហំជាង២ហិកតា ដែលគ្រោងនឹងសាងសង់អគារសិក្សា ជាកម្មសិទ្ធិរបស់សាលាភូមិន្ទរដ្ឋបាលដែលបានទិញប្រគល់ជូនសាលាបឋមសិក្សាទ្រាំង។ លោក អ៊ុន សាវន តំណាង កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ បានបញ្ជាក់ថា រាល់សកម្មភាព និងទង្វើមនុស្សធម៌កន្លងមកតាមរយៈការងារសង្គមរបស់សាលាភូមិន្ទរដ្ឋបាលបានបណ្ដុះគំនិតស្មារតីសាមគ្គីភាពឯកភាពជាតិស្រលាញ់ជាតិមាតុភូមិ ស្រលាញ់ប្រជាជន និងការស្រលាញ់ការសិក្សា ។
សាលាភូមិន្ទរដ្ឋបាលមិនត្រឹមតែបានបណ្ដុះបណ្ដាលនូវចំណេះដឹងមូលធនបញ្ញា នវានុវត្តន៍ដល់មន្រ្តីរាជការប៉ុណ្ណោះទេថ្នាក់ដឹកនាំសាលាបានគិតគូរជួយដល់ ការលំបាករបស់ប្អូនៗជាសិស្សនៅតំបន់ជនបទដាច់ស្រយាលថែមទៀត ដែលជាការចូលរួមអភិវឌ្ឍន៍បណ្ដុះបណ្ដាលធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ។
លោក យក់ ប៊ុនណា បានឱ្យដឹងថា សាលាភូមិន្ទរដ្ឋបាលបានបង្កើតឱ្យមានកម្មវិធីការងារសង្គមជូនកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ដើម្បី ឱ្យកម្មសិក្សាការីចេះចូលរួមកសាងសមិទ្ធផលសង្គមនានា ឱ្យយល់ដឹងពីជីវភាពរស់នៅ ស្គាល់សុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ និងសិស្សនៅតាមសហគមន៍តំបន់ដាច់ស្រយាល ដើម្បីចូលរួមជួយលើកស្ទួយជីវភាពរបស់លោកគ្រូអ្នកគ្រូ និងបង្កើតបំណិនជីវិតជួយផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋនៅតំបន់នោះឱ្យចេះប្រកបរបរកសិកម្មដាំបន្លែ ដាំឬស្សីផ្អែមប្រែក្លាយជាតំបន់បៃតងដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារបន្ថែមទៀត៕