(ព្រះសីហនុ)៖ មានហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើង នៅក្បែរអគារក្រុមហ៊ុនមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាម៉ោង០៥៖៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម រយៈពេលជាង២ម៉ោង កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងមូលដ្ឋាន បានធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួន បានជនសង្ស័យចំនួន២នាក់ ភេទប្រុស ជនជាតិចិនតៃវ៉ាន់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងនោះកម្លាំងជំនាញដកហូតបាន អាវុធខ្លីចំនួន០២ដើម៖ ម៉ាក Glock 43 ពណ៌ខ្មៅ លេខ BTMB677, បង់២ គ្មានគ្រាប់, ម៉ាក Glock 19 ពណ៌ប្រផេះ លេខ AFPC642, បង់២ មាន១២គ្រាប់ (9mm), គ្រាប់កាំភ្លើងប្រភេទ 9mm ចំនួន២៩គ្រាប់, ខ្នោះដៃ ២គូរ, ម្សៅក្រាម ៣កញ្ចប់តូច (សង្ស័យជាសារធាតុញៀន), ជញ្ជីងថ្លឹង ១គ្រឿង និងសម្ភារផ្សេងៗមួយចំនួន។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕