(ភ្នំពេញ)៖ ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការ និងការលើកកម្ពស់កិច្ចការសង្គម-មនុស្សធម៌ រវាងសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងសមាគមមូលនិធិដាយមិនស៍កម្ពុជា ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ៉ីម៉ាវ៉ារី រាជធានីភ្នំពេញ ដោយមានការរៀបចំដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកា នៃសមាគមទាំងពីរ។

នៅក្នុងអនុស្សារណៈ នៃការយោគយល់គ្នានោះដែរ សមាគមទាំងពីរបានព្រមព្រៀង និងសហការគ្នាដូចជា៖

* ១៖ ប្តេជ្ញាចិត្តជំរុញ និងសម្រេចឲ្យបាននូវភាពជោគជ័យតាមចក្ចុវិស័យ និងបេសកកម្មរបស់សមាគម សម្រាប់សង្គមជាតិកម្ពុជាទាំងមូល
* ២៖ ជួយគ្នាទៅវិញទៅមកតាមសមត្ថភាព និងលទ្ធភាពលើផ្នែកហិរញ្ញវត្ថុ មធ្យោបាយ បច្ចេកទេស បច្ចេកវិទ្យា សម្ភារៈ ចំណេះដឹង និងធនធានមនុស្ស
* ៣៖ សមាគមមូលនិធិដាយមិនស៍កម្ពុជា ចូលរួមឧបត្ថម្ភថវិកាចំនួន ៣០០,០០០,០០០ រៀល (បីរយលាន) សម្រាប់រយៈពេល ៥ ឆ្នាំ ដល់សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាពសមាគម
* ៤៖ រាល់សកម្មភាពទាំងឡាយ ត្រូវជូនដំណឹងឲ្យគ្នាទៅវិញទៅមក និងចាត់ថ្នាក់ដឹកនាំ សមាជិកសមាជិកា ឬតំណាងរបស់ខ្លួនចូលរួម ។

លោក ហ៊ុត កុសល ប្រធានសមាគមមូលនិធិដាយមិនស៍កម្ពុជា បានថ្លែងថា រូបលោក និងសហការីទាំងអស់ពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលកន្លងមកបានរួមសហការជាមួយលោក មែ ស៉ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ហើយជាពិសេសនៅថ្ងៃនេះ គឺកាន់តែរំភើប និងសោមនស្សបំផុត ដែលសមាគមទាំងពីរបានឈានដល់ការចុះអនុស្សារណៈយោគយល់គ្នា ដើម្បីធ្វើកិច្ចសហការ និងលើកកម្ពស់កិច្ចការសង្គម-មនុស្សធម៌ ដោយឈរលើទស្សនៈវិស័យ បេសកកម្ម និងគោលបំណងរបស់សមាគម។ លោកបានបន្តថា ថវិកាឧបត្ថម្ភចំនួន ៣០០,០០០,០០០ រៀល (បីរយលាន) សម្រាប់ទ្រទ្រង់សកម្មភាពរយៈពេល ៥ឆ្នាំ ដល់សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា នឹងធ្វើឡើងចាប់ពីខែមករា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំ២០២៨។

លោក មែ ស៉ីថុន​ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកិច្ចសហការនេះ ជាពិសេសថវិកាឧបត្ថម្ភសម្រាប់ទ្រទ្រង់សកម្មភាពសមាគម។ លោកបានបន្តថា លោកនិងថ្នាក់ដឹកនាំសមាជិកសមាជិកាទាំងអស់នឹងប្រឹងប្រែងបន្តសកម្មភាពរបស់ខ្លួនឲ្យសកម្មជាងពេលកន្លងទៅ និងសម្រេចឲ្យបានតាមផែនការ និងគោលដៅ ជាពិសេសដោយមានកិច្ចសហការជាមួយសមាគមមូលនិធិដាយមិនស៍កម្ពុជា លោកជឿជាក់ថា បេសកកម្មរបស់សមាគមទាំងពីរនឹងទទួលបានជោគជ័យជាក់ពុំខាន។

លោក មែ ស៉ីថុន បានបន្ថែមទៀតថា ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានៅថ្ងៃនេះ មិនមែនគ្រាន់តែធ្វើឡើងដើម្បីកិច្ចសហការ និងការលើកកម្ពស់កិច្ចការសង្គម-មនុស្សធម៌ ប៉ុណ្ណោះទេ គឺធ្វើឡើងដើម្បីចូលរួមអបអរសាទរទិវាខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលប្រជាជនខ្មែរទាំងអស់ទទួលបាននូវសិទ្ធសេរីភាព និងការរស់នៅប្រកបដោយសុខដុមរមនា ជាពិសេសប្រទេសជាតិមានការរីកចម្រើន និងអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ ដែលនេះជាការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ និងឥស្សរជនដទៃទៀត ក្នុងការស្វែងរក និងចរចាដើម្បីសុខសន្តិភាពសម្រាប់ប្រជាជាតិខ្មែរទំាងមូលដ៏យូរអង្វែង៕