(ព្រះវិហារ)៖ បច្ច័យចំនួន៤៩.៣៦០០០០០រៀល និងទេយ្យវត្ថុ បរិក្ខាអមត្រៃយ៍ ដែលប្រមូលបានពីអង្គកឋិនទានសាមគ្គីមួយ ត្រូវបានលោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ មន្ត្រីរាជការ និងពុទ្ធបរិស័ទ ជិត ឆ្ងាយ ដង្ហែនាំយកទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តប្រាសាទគោកបេង ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ សម្រាប់កសាងសមិទ្ធិផលនានានៅក្នុងវត្ត។

នៅក្នុងឱកាសនេះដែរ លោក មាស សុភា បានថ្លែង ប្រគេនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតា ដោយកោតសរសើរដល់ការរីកចម្រើនរបស់វិស័យព្រះពុទ្ធសាសនា ពិសេសការរីកចម្រើនរបស់វត្តប្រាសាទគោកបេង។ លោក មាស សុភា ថ្លែងបន្តថា បុណ្យកឋិនទានសាមគ្គីនាថ្ងៃនេះ គឺដើម្បីប្រមូលបច្ច័យបន្តកសាង នូវសមិទ្ធផលនានានៅក្នុងវត្តគោកបេង ជាបន្តទៀត ក្រោយពីការអាក់ខានមិនបានធ្វើក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ ដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងលើកឡើងរវាងវិស័យពុទ្ធចក្រ និង អាណាចក្រ គឺមានទំនាក់ទំនង យ៉ាងស្អិតជាមួយគ្នា ហើយរាជរដ្ឋាភិបាលបានចាត់ទុកពុទ្ធសាសនា ជាសាសនារបស់ជាតិ។ កន្លងមក ក៏ដូចជាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ ទៅលើវិស័យពុទ្ធចក្រ រហូតមានការរីកចម្រើននៅគ្រប់ទីកន្លែង។

ក្នុងឱកាសនេះផងដែរលោក មាស សុភា ក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃដែលកន្លងមកបានចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យមនុស្សធម៌ ជាពិសេសក្នុងពេលថ្មីៗ នេះដែលប្រទេសយើងជួបនូវគ្រោះទឹកជំនន់។ លោកក៏បន្តអំពាវនាវដល់ព្រះសង្ឃ ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាល គាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យវិស័យពុទ្ធចម្រនិងងាណាចក្រកាន់តែមានការរីកចម្រើនថែមទៀត៕