(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរលើ អង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជារាស្ត្រ។
តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រសួងការពារជាតិ បានបញ្ជាក់ថា «ការប្រមាថដ៏ធ្ងន់ធ្ងររបស់ ទណ្ឌិត សម រង្ស៉ី មកលើអង្គព្រះមហាក្សត្រ បានល្មើសយ៉ាងធ្ងន់ធ្ងរទៅលើមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា “អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ” ហើយក៏កំពុងល្មើសនឹង មាត្រា៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ច្បាស់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រផងដែរ»។
ក្រសួងការពារជាតិ បានទាមទារឱ្យ ស្ថាប័នច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចាប់ជនក្បត់ជាតិមួយនេះ មកផ្តន្ទាទោសឱ្យខាងតែបាន។
ទន្ទឹមនឹងនេះ ក្រសួងការពារជាតិ បានប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក ពិសេសអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពានបានជាដាច់ខាត៕