(ភ្នំពេញ)៖ សមត្ថកិច្ចក្រសួងមហាផ្ទៃបានចាប់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ន្ធបន្លំធ្វើជាមន្ត្រីក្រសួងបរិស្ថាន និងយកឈ្មោះកូនប្រុសថ្នាក់ដឹកនាំទៅរកស៊ីទិញលក់ដីឲ្យ អ្នកវិនិយោគទុនបរទេសដោយយកលុយពីគេជិត១លានដុល្លារថាយកទៅទិញដីអោយ ពេលបានលុយគេចបាត់ដីក៏អត់ លុយក៏អស់ហើយត្រូវជនរងគ្រោះប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនតែម្ដងទៅ។
ជនសង្ស័យទាំង៣នាក់នោះរួមមាន៖ទី១.ឈ្មោះ សួន មាន ភេទប្រុស អាយុ៤៧ឆ្នាំ បន្លំធ្វើជាមន្ត្រីបរិស្ថាន ហើយទំនងជាមេក្លោង។ ទី២ឈ្មោះ ហង្ស សុខា ភេទប្រុស អាយុ៤៧ឆ្នាំ និងទី៣ឈ្មោះ ស៊ុន សុខហេង ភេទប្រុស អាយុ៥៨។ ចំណាត់ការចាប់ខ្លួននេះ ធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះសូ ណាវី បានដាក់ពាក្យបណ្តឹងប្តឹងទៅ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។ក្នុងចំណោមជនសង្ស័យទាំង៣នាក់នេះ មានម្នាក់ឈ្មោះ សួន មាន បានយកឈ្មោះថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងកូនថ្នាក់ដឹកនាំជាន់ខ្ពស់ដើរទិញដីឲ្យអ្នកវិនិយោគបរទេស ក្នុងតម្លៃជិត១លានដុល្លារ នៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែធាតុពិតមិនមានដីអោយនោះទេ ពេលជនរងគ្រោះទារលុយវិញ មិនមានលុយសងហើយយកឈ្មោះកូនថ្នាក់ដឹកនាំទៅគំរាមទៀត។ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ហង្ស សុខា ក៏បានយកឈ្មោះលោក ហ៊ុន ម៉ានី ប្រធានសហភាពសម្ព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ស្ពឺ ទៅដើរទិញលក់ដីពីឈ្មោះ ស៊ុន សុខហេង ប៉ុន្តែត្រូវបានបែកការណ៏។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនិងបញ្ជូនខ្លួនមកតុលាការ កាលពីថ្ងៃទី១០ មិថុនា។ មកដល់ព្រឹកថ្ងៃទី១១ មិថុនា នេះ ពួកគេកំពុងស្ថិតនៅក្នុងការសាកសួរអំពីដំណើររឿង ឆបោកក្នុងការទិញលក់ដី ដែលមានតម្លៃជិត ១លានដុល្លារនៅឡើយដោយមានព្រះរាជអាជ្ញារងហុឹង ប៊ុនថន ជាអ្នកកាន់សំណុំរឿង តែលទ្ធផលយ៉ាងណានោះគេនៅមិនទាន់ដឹងនៅឡើយទេ៕