(ភ្នំពេញ)៖ លោក គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជំរុញឲ្យ សមាគមអតីតយុទ្ធជន តាមបណ្តាលខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ ខិតខំស្វែងរក គ្រួសារអតីតយុទ្ធជន ដែលមានជីវភាព លំបាក ខ្វះខាត ដើម្បីសាង សង់លំនៅដ្ឋាន ជូនពួកគាត់ ឲ្យមានផ្ទះសម្បែង រស់នៅសមរម្យ។ ជាមួយនោះ លោកបាន ជំរុញឲ្យ បន្តតាមដានបញ្ជីឈ្មោះ អតីតយុទ្ធជនពលី មរណៈ នៅសេសសល់ ដើម្បីបន្ត បើកផ្តល់ប្រាក់មរណៈសង្រ្គោះ ជូនសមាជិកអតីតយុទ្ធជន បានទាន់ពេលវេលា។
លោក គន់ គីម បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំមួយ នាព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ ។ ជាកិច្ចប្រជុំ ដើម្បីត្រៀមលក្ខណៈ ប្រារព្ធពិធីទិវាអតីតយុទ្ធជនកម្ពុជា លើកទី៩ ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ពីសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ។
លោក គន់ គីម បានឲ្យដឹងថា រហូតមកដល់ពេលនេះ សមាគមអតីតយុទ្ធជន ទើបសម្រេចបានការកសាងផ្ទះ ជូនសមាជិកអតីតយុទ្ធជន បានចំនួន ១ម៉ឺន ៧ពាន់ខ្នង ប៉ុណ្ណោះ ក្នុងចំណោមសមាជិក សរុបនៅទូទាំងប្រទេស ជាង៧ម៉ឺននាក់។
លោក គន់ គីម បានបញ្ជាក់ថា «នៅក្នុងឱកាសនៃពិធីប្រារព្ធទិវាអតីតយុទ្ធជនខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំ ជម្រុញឲ្យគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ ត្រូវរៀបចំ គណៈប្រតិភូចុះសួរសុខទុក្ខ អតីតយុទ្ធជនតាមមូលដ្ឋាន និង យុទ្ធជន យុទ្ធនារី ដែលកំពុងបំពេញបេសកកម្ម នៅតំបន់ព្រំ ដែន យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យ និងជនពិការ តាមមណ្ឌល ដើម្បីផ្សារភ្ជាប់ មនោសញ្ចេតនា និងលើកទឹកចិត្ត ដល់អតីតយុទ្ធជន យុទ្ធជន យុទ្ធនារី ដែលមានគុណបំណាច់ ចំពោះជាតិមាតុភូមិ» ៕