(ភ្នំពេញ)៖ ពូជស្រូវជាង៤តោន អង្ករ និងមីមួយចំនួនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូន ប្រជាពលរដ្ឋ ចំនួន ៤២គ្រួសារ តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យពួកគាត់បានបង្កបង្កើនផលឡើងវិញ ក្រោយពីស្រូវរបស់ពួកគាត់ត្រូវបានបំផ្លិញបំផ្លាញ ដោយទឹកជំនន់នារដូវវស្សាកន្លងនេះ។

ពិធីចែកពូជស្រូវ និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋទាំង៤២គ្រួសារនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណសាលាសង្កាត់បឹងធំ ខណ្ឌកំបូល។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឲ្យដឹងថា នៅខណ្ឌកំបូលមានផ្ទៃដីសម្រាប់ធ្វើកសិកម្ម ចំនួន២០៥២ហិកតា ហើយក្នុងចំនួននេះ ផ្ទៃដីសម្រាប់ធ្វើស្រែ មានចំនួន៥៤០ហិកតា។ ក្នុងចំណោមផ្ទៃដីធ្វើស្រែចំនួន ៥៤០ហិកតានេះ ត្រូវបានបំផ្លាញដោយជំនន់ទឹកភ្លៀង ចំនួន៣៤ហិកតា ស្មើ ៤២គ្រួសារ ស្មើនិង២ភូមិ នោះ គឺភូមិខ្ចៅ និងភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល។

លោក ឃួង ស្រេង បានលើកឡើងថា «យើងពិតជាមានភ័ព្វសំណាងណាស់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំប្រទេស ដោយសម្តេចជាថ្នាក់ដឹកនាំដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច ពោលគឺទីណា មានការលំបាក ទីនោះគឺមានមុខសម្តេចតេជោចុះជួយជានិច្ច។ ជាក់ស្តែងសម្រាប់ពេលនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចែកពូជស្រូវអង្ករ និងមីមួយចំនួនជូនប្រជាពលរដ្ឋនៅសង្កាត់បឹងធំនេះ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីបានបំផ្លិចបំផ្លាញដោយជំនន់ទឹកភ្លៀងកន្លងមកនេះ»

អំណោយដែលសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ ទាំង៤២គ្រួសារនេះ ដោយក្នុងមួយគ្រួសារ ទទួលបានស្រូវពូជ ចំនួន១០០គីឡូក្រាម, អង្ករ១បាវ និងមី១កេស។ លោក ឃួង ស្រេង សង្ឃឹមថា ស្រូវពូជដែលបានប្រគល់ជូននេះ បងប្អូននឹងយកទៅបង្កបង្កើនផលបានទិន្នផលខ្ពស់ ដើម្បីអោយជីវភាពគ្រួសារកាន់តែប្រសើរឡើង៕