(ភ្នំពេញ)៖ ដើម្បីសំរាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធ និងយុវនិតិសម្បទា រាជជធានីភ្នំពេញ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលំនៅដ្ឋាន ចំនួន១២២គ្រួសារ មកពីភូមិចំនួន២ រួមមានភូមិកោះក្របី និងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ក្នុងពិធីចែកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ លោកស្រី មុំ ចាន់ដានី បាននិងកំពុងចាត់ក្រុមការងារចុះធ្វើបច្ចុប្បន្នភាពបងប្អូនប្រជាពលរដ្ឋក្រីក្រ វាយតម្លៃកំណត់ តាមរយៈផ្តល់ពិន្ទុ ដើម្បីផ្តល់ប័ណ្ណសមធម៌ ដែលមិនទាន់មានប័ណ្ណសមធម៌។ លោកស្រីបន្តថា អាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅនេះ លោកអភិបាលខណ្ឌ បានយកចិត្តទុកដាក់ និងជំរុញឲ្យមន្ត្រី ចុះស្រង់ទិន្នន័យប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនេះបានច្រើន។

ក្នុងឱកាសនោះ លោកស្រីប្រធាន បានផ្សព្វផ្សាយពីកម្មវិធីជំនួយសង្គមរបស់រាជរដ្នាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្នក្រីក្រជួបការលំបាក សំដៅលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃឲ្យមានភាពប្រសើរឡើងប្រកបដោយបរិយាបន្ន។

មានមតិសំណេះសំណាលក្នុងពិធីនេះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល គឺអាជ្ញាធរមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារ ហើយអាជ្ញាធរមិនដឹងនោះទេ។

លោកអភិបាលខណ្ឌ បានក្រើនរំលឹកដល់អាជ្ញាធរសង្កាត់ប៉ុស្តិ៍ ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ជាពិសេសត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវខ្លឹមសារគោល នយោបាយភូមិ សង្កាត់មានសុវត្ថិភាព ពិសេសត្រូវរួមគ្នាអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំ គ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានសង្កាត់ភូមិ។ ការងារសន្តិសុខនេះ ជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមាន ឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ត្រូវនាំកូនចៅ ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត ចំណែកអ្នកដែលចុះឈ្មោះហើយ ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ ហើយសូមបងប្អូនត្រៀមខ្លួនទៅបោះឆ្នោតជូនគណបក្សណា ដែលរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ស្វែងរកសន្តិភាពជូនប្រទេសជាតិ និងស្វះស្វែងរកវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេស គឺមានតែសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ធ្វើឲ្យប្រទេសជាតិមានរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សូមកុំជឿតាមការឃោសនាញុះញុងបំផុសបំផុល ពីសំណាក់ក្រុមបក្ខប្រឆាំងក្រៅច្បាប់ អាចនិយាយបានថាជាពួកឧទ្ទាម ក្នុងចេតនាអាក្រក់បង្កអសន្តិសុខសង្គម។

យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពសង្គម ការពារសន្តិភាព ដើម្បីជំរុញឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត។ ដោយសាតែមានសន្តិភាពនេះហើយទើបប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ចាប់ពីពេលនេះតទៅ សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសន្តិភាព ការពារសន្តិភាព និងអរគុណសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត។

អំណោយចែកជូនប្រជាពលរដ្ឋនៅពេលនេះក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ប្រេងឆា ១ដប ទឹកស៊ីអ៊ីវ១យួរ និងសាប៊ូ ១កញ្ចប់ផងដែរ៕