(ព្រៃវែង)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនដល់ចាស់ឥតទីពឹង និងស្ត្រីមេម៉ាយចំនួន ៣០គ្រួសារ រស់នៅភូមិចំនួន ៤ នៃឃុំត្រពាំងស្រែ និងឃុំជីផុច ក្នុងស្រុកមេសាង ខេត្តព្រៃវែង។
ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ លោកស្រីអគ្គលេខាធិការរងទី១ បានមានប្រសាសន៍ថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីនឹករលឹក និងគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅគ្រប់ទីកន្លែង ហេីយតាមរយៈសហការីនៃកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ក្តីនឹករលឹក និងសារអប់រំថែទាំសុខភាពឱ្យបានល្អ ជាពិសេស ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យដេីម្បីជៀសផុតពីជំងឺនានា។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា តែងតែនាំយកនូវអំណោយជាស្បៀងអាហារសម្រាប់ជួយសម្រាលដល់ជីវភាពរស់នៅ រួមជាមួយនឹងកញ្ចប់ឃីតមុងភួយសារុងក្រមា ដែលនឹងផ្តល់ភាពកក់ក្តៅដល់លោកយាយលោកតាជាពិសេសក្នុងរដូវរងានេះ»។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួន៕