(បន្ទាយមានជ័យ)៖ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា «ក្នុងរយៈកាល៥ឆ្នាំកន្លងទៅនេះ ផ្លូវបេតុងប្រវែង៥០ម៉ែត្រ និងបានដាក់លូរួចរាល់នេះ ស្ថិតនៅក្រោមបានខិតខំប្រឹងប្រែង របស់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រមទាំងអង្គភាពពាក់ព័ន្ធ នៅក្នុងក្រុងប៉ោយប៉ែត»។លោកក៏បានបញ្ជាក់ថា សក្ខីភាពបង្ហាញពីសមិទ្ធផលមួយផ្នែក ដែលជាការចូលរួមគាំទ្របរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន ពីបងប្អូនប្រជាពលរដ្ឋ សប្បុរសជន នៅក្នុងក្រុងប៉ោយប៉ែត ក្នុងការស្ថាបនាកសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ រួមផ្សំនិងប្រាក់វិភាជ របស់រាជរដ្ឋាភិបាលតាមរយៈមូលនិធិសង្កាត់។ លោកបានបន្ថែមថា បច្ចុប្បន្ន អាជ្ញាធរកំពុងបន្ត បំផុសចលនាប្រជាពលរដ្ឋ សប្បុរសជន ឱ្យចូលរួមធ្វើផ្លូវ ដែលនៅសេសសល់ បន្តទៀតស្ទើតែពេញក្រុងប៉ោយប៉ែត។
ប្រជាពលរដ្ឋ សូមគោរពកោតសរសើរដោយស្មោះ ចំពោះកម្លាំងសាមគ្គី និងទឹកចិត្តសប្បុរសធម៌ របស់បងប្អូនប្រជាពលរដ្ឋ ដែលចំណាយថវិកាផ្ទាល់ខ្លួន ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន និងបានជួយរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ក្នុងគ្រាកន្លងមក ដូចជាការទទួលជួយពលកររាប់សែន ដែលត្រូវរដ្ឋាភិបាលថៃបញ្ជូនត្រឡប់កន្លងមក។ ជាពិសេសប្រជាពលរដ្ឋ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្តល់នូវសុខសន្តិភាព ជូនប្រជាពលរដ្ឋបង្កលក្ខណៈងាយស្រួល ប្រកបរបរទទួលទាន ដោយភាពសុខដុមរមនា អាចមានលទ្ធភាពរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ឱ្យមានការរីកចម្រើនគួរជាទីមោទនភាព៕