(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងក្រោមការគាំទ្រថវិការបស់រដ្ឋាភិបាលជប៉ុន បានរៀបចំសិក្ខាសាលា ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មចំនួន២វគ្គផ្សេងគ្នា។

ដោយវគ្គទី១ គឺវគ្គមូលដ្ឋានស្តីពី «បច្ចេកទេសស៊ើបអង្កេតការសម្អាតប្រាក់សម្រាប់មន្ត្រី គយនិងរដ្ឋាករជួរមុខ» ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ត្រី គយ និងរដ្ឋាករចំនួន ៧៤ រូប និងវគ្គទី២ ជាវគ្គកម្រិតខ្ពស់ ស្តីពី «ការស៊ើបអង្កេតហិរញ្ញវត្ថុលើបទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម» ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទាន ភេរវកម្ម ប្រចាំ អគរ ចំនួន ៥៦ រូប និងក្រុមការងារប្រឆាំងការសម្អាត ប្រាក់ និងហិរញ្ញប្បទានភេរវកម្មចំនួន ១៧ រូប មកពីអង្គភាព ប្រឆាំងអំពើពុករលួយ, អង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជា, ក្រសួងយុត្តិធម៌, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គស្នងការនគរបាលជាតិ, អគ្គនាយកដ្ឋានពន្ធដារ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅសាលាជាតិគយនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

សិក្ខាសាលាទាំងពីរវគ្គ ត្រូវបានសម្របសម្រួលដោយលោក Stephen Cox ទីប្រឹក្សាកិច្ចការគយរបស់ IMF ប្រចាំកម្ពុជា ឡាវ ម៉ុងហ្គោលី និងមីយ៉ាន់ម៉ា និងមានលោក Tom Hansan ទីប្រឹក្សា IMF ផ្នែកកិច្ចការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ជាគ្រូឧទ្ទេសនាមលើប្រធានបទសំខាន់ៗដូចជា បច្ចេកទេសវិភាគ និងស៊ើបអង្កេតហិរញ្ញវត្ថុ, ការរៀបចំ ផែនការសម្រាប់ធ្វើការស៊ើបអង្កេត, សញ្ញាណបទល្មើសសម្អាតប្រាក់ក្រោមរូបភាពពាណិជ្ជកម្ម និងបច្ចេកទេសស៊ើបអង្កេត, បច្ចេកទេសស៊ើបអង្កេត និងចាប់យកផលនៃបទល្មើស និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាតិ ជាដើម។

បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទាន ភេរវកម្ម ដែលរាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តកិច្ចការនេះ។ ជាក់ស្ដែង ក្របខណ្ឌច្បាប់ និងយុទ្ធសាស្ត្រជាតិ ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មត្រូវបានដាក់ចេញ ស្របគ្នានឹងការបង្កើតយន្តការស្ថាប័ន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។

លោករដ្ឋមន្ត្រីប្រតិភូបន្តថា កម្ពុជាបានចូលជាសមាជិកក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (Asia/Pacific Group on Money Laundering-APG) ក្នុងឆ្នាំ២០០៤, ហើយតាមរយៈសមាជិកភាពនេះ កម្ពុជាត្រូវអនុវត្តកាតព្វកិច្ចប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាប្រចាំ ស្របតាមបញ្ហានិងវិធានការថ្មីៗ ដែលកំណត់ដោយ APG និងក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF)។

ក្រោមការចង្អុលបង្ហាញ របស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់អនុគណៈកម្មការចំពោះកិច្ច និងក្រុមការងារនៃក្រសួង/ស្ថាប័នពាក់ព័ន្ធ កម្ពុជាបានអនុវត្តដោយជោគជ័យ នូវផែនការសកម្មភាពនិងអនុសាសន៍របស់ FATF ដែលនៅដក់សល់ទាំងអស់ ដើម្បីដកខ្លួនចេញពីបញ្ជីប្រផេះ។ ក្នុងពេលនេះ កម្ពុជាកំពុងត្រៀមខ្លួនធ្វើការជាមួយគណប្រតិភូនៃ JG ដែលនឹងចុះមកវាយតម្លៃដោយផ្ទាល់ (On-Site Visit) នៅអំឡុងដើមឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជាការពិតកម្ពុជាបានដាក់គោលដៅការងារ ដើម្បីដកខ្លួនចេញពីបញ្ជីប្រផេះ ក៏ប៉ុន្តែកម្ពុជាបានកំណត់ និងប្រកាន់យកឆន្ទៈអនុវត្តការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រកបដោយនិរន្តរភាព។
ជាក់ស្តែងសិក្ខាសាលានាពេលនេះ គឺជាការបន្តលើកកម្ពស់ សមត្ថភាពដល់មន្ត្រីគយនិងរដ្ឋាករ ក៏ដូចជាមន្ត្រីនៃស្ថាប័នអនុវត្តច្បាប់ដទៃទៀត លើជំនាញនិងបច្ចេកទេសស៊ើបអង្កេតបទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទាន ភេរវកម្ម ដែលមន្ត្រីទាំងនោះត្រូវបន្តអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ជាច្រើនឆ្នាំទៅមុខទៀត។

រដ្ឋមន្ត្រីប្រតិភូ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវចូលរួមសកម្មក្នុងក្រុមតូចៗដើម្បីធ្វើលំហាត់អនុវត្ត (Group Practical Exercise) និងពិភាក្សាផ្លាស់ប្តូរយោបល់ឱ្យបានផុសផុលជាមួយ អ្នកជំនាញការ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែម សម្រាប់យកទៅអនុវត្ត នៅតាមអង្គភាពរៀងៗខ្លួន ក៏ដូចជាចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការប្រឆាំងការសម្អាត ប្រាក់និងហិរញ្ញប្បទានភេរវកម្ម ឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ៕