(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីខ្សែចង្វាក់ផលិតកម្ម នៅរោងចក្រផលិតមីជាតិ និងរោងចក្រផលិតទឹកពិសាវីតាល់ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត ដោយមានការស្វាគមន៍ពីលោក ឡាវ វ៉ាន់ ទីប្រឹក្សាជាន់ខ្ពស់ នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត និងអ្នកឧកញ៉ា ជឹង សុគន្ធាវី សមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត និងជាអគ្គនាយិកា។
ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ឡាវ វ៉ាន់ ទីប្រឹក្សាជាន់ខ្ពស់ នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចដឹកនាំដោយ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការី ដែលបានឆ្លៀតឱកាសស្វែងយល់ពីខ្សែចង្វាក់ផលិតកម្មរោងចក្រទាំងពីរ និងរីករាយ ចំពោះការផ្តល់ជាអនុសាសន៍ និងធាតុចូលល្អៗ ពីសំណាក់មន្ត្រីជំនាញ។
តាមរយៈដំណើរទស្សនកិច្ចនេះ លោកប្រតិភូ ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. បានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំសម្រេចបានរបស់ថ្នាក់ដឹកនាំ និងសហការី នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត តាមរយៈការរៀបចំឲ្យមានរោងចក្រផលិតមី និងទឹកពិសារ ក្នុងស្រុកដ៏ធំ និងទំនើបនៅកម្ពុជា ដែលជាការរួមចំណែកថ្មីមួយទៀត ពីវិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោកប្រធានប្រតិភូ និងសហការី ក៏បានសិក្សាស្វែងយល់បន្ថែមពីខ្សែចង្វាក់ផលិតកម្ម រោងចក្រផលិតមីជាតិ និងទឹកពិសារវីតាល់ និងសូមជំរុញលើកទឹកចិត្តឲ្យក្រុមហ៊ុនបន្តអនុវត្តនូវយន្តការផ្ទៃក្នុង សម្រាប់តាមដាន និងដោះស្រាយបណ្តឹងអ្នកប្រើប្រាស់ (Internal Complaint Handling) ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត បាននឹងកំពុងដាក់អនុវត្ត ដើម្បីការពារសិទ្ធិ ផលប្រយោជន៍ និងសុខុមាលភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ និងការការពារខ្លួនរបស់ក្រុមហ៊ុនត្រឡប់វិញតាមរយៈយន្តការខាងលើផងដែរ៕