(ភ្នំពេញ)៖ មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជាតិនានា ដើម្បីសហការរៀបចំព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នាសាលមហោស្រព ចតុម្មុខមង្គល វេលាម៉ោង០៥៖៣០នាទីរសៀល ដែលត្រូវជាខួបគម្រប់១០០ព្រះវស្សា នៃទិវាប្រសូតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។
សេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ព្រះរាជពិធីនេះ នឹងធ្វើឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពស់ខ្ពស់ជាទីបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។
ព្រះរាជកម្មវិធី ត្រូវបានរៀបចំបែងចែកជាសកម្មភាពចំនួន៣ធំៗគឺ៖
* ការយាង និងនិមន្តព្រះសង្ឃគោចរបិណ្ឌបាត្រ៖ វេលាម៉ោង ០៧៖៣០នាទីព្រឹក នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ខាងមុខព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះមរបរតនកោដ្ឋ (ដោយមានការយាង និងនិមន្តព្រះសង្ឃចំនួន ១០០អង្គ)។
* ពិព័រណ៍សាទរស្នាព្រះហស្ថព្រះបរមរតនកោដ្ឋ៖ វេលាម៉ោង ០៥៖៣០នាទីល្ងាច ក្នុងសាលមហោស្រពចតុម្មុខមង្គល ដោយមានដំណើរយាងទតពិព័រណ៍សាទរស្នាព្រះហស្ថព្រះបរមរតនកោដ្ឋ និងព្រះរាជសកម្មភាពសំខាន់ៗ ជាប្រវត្តិសាស្ត្រពេញមួយព្រះជន្មរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។
* ទស្សនីយភាពនៃព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ក្នុងសាលមហោស្រពចតុម្មុខមង្គល ដែលមានការសម្តែងសិល្បៈទស្សនីយភាព របាំថ្វាយព្រះពរ និងចម្រៀងដែលជាស្នាព្រះហស្ថព្រះរាជនិពន្ធរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានបង្កប់នូវអត្ថន័យ និងកម្រងអនុស្សាវរីយ៍ដ៏សែនជ្រាលជ្រៅថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសុទ្ធសឹងតែជាស្នាព្រះហស្ថដែល ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់សព្វព្រះរាជហឫទ័យ និងព្រះបរមរាជានុញ្ញាតឱ្យមានការសម្តែងក្នុងព្រះរាជសវនាការជាមួយបណ្តាភ្ញៀវជាតិ-អន្តរជាតិ៕