(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះថា ដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ នៅថ្ងៃទី១ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ចប់ទៅដោយភាពរលូន។

លោកបន្តថា បេក្ខជនប្រឡងទាំងអស់ បានអនុវត្តន៍គោលការណ៍ប្រឡង, គោរពច្បាប់ចរាចរណ៍ ពេលធ្វើដំណើរទៅមក, និងអនុវត្តន៍វិធានសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ខណៈចំនួនសិស្សអវត្តមានក្នុងពេលប្រឡងមានតិចតួចប៉ុណ្ណោះ។

លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃទី១ (២៤ តុលា ២០២២) នៃដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ បានបញ្ចប់ដោយរលូន តាមការគ្រោងទុក ក្រោមកិច្ចសហការណ៍ពីគណ:គ្រប់គ្រងគ្រប់មណ្ឌលប្រឡង, បេក្ខជនប្រឡង, និងគ្រប់ភាគីពាក់ព័ន្ធ»

ជាមួយគ្នានេះ លោកអំពាវនាវសូមបេក្ខជនប្រឡងទាំងអស់ បន្តអនុវត្តន៍គោលការណ៍ប្រឡង, គោរពច្បាប់ចរាចរណ៍ពេលធ្វើដំណើរទៅមក, និងអនុវត្តន៍វិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

សូមជម្រាបថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ២៤ តុលា ២០២២ មានចំនួនសរុប ១៧៤ ៧២៦ នាក់ ស្រី៩៥ ១២៧នាក់, សិស្សចំណេះទូទៅ ១៧៣ ៤៦៦នាក់ ស្រី ៩៤ ៨៧៦នាក់, ស្វៃរិន ១៣៦នាក់ ស្រី ៤៥នាក់, បំពេញវិជ្ជា ១ ០៧៦នាក់ ស្រី ១៩២នាក់, គថ្លង់ ២៩ នាក់ ស្រី ០៩ នាក់, ពិការភ្នែក ១៩ នាក់ ស្រី០៥ នាក់ ដែលមានមណ្ឌលសរុប ១ ៧២៣ បន្ទប់សរុប ៧ ៨១៦។

ដំណើរការប្រឡងនេះ ក្រសួងអប់រំប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ជាអ្នករៀបចំដ៏ដែលដោយរក្សាយន្តការដូចឆ្នាំកន្លងទៅ។ ក្រសួងអប់រំយុវជន និងកីឡា បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡង ចាប់តាំងពីការរៀបចំវិញ្ញាសារ ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ​ និងប្រកាសលទ្ធផលតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។

សម្រាប់ការប្រឡងមានរយៈពេល២ថ្ងៃពេញ ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែតុលា ឆ្នាំ២០២២។

* សម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២
ពេលព្រឹក
- ម៉ោង៧៖៣០នាទី ដល់ម៉ោង ៩៖០០នាទី តែងសេចក្តី (៩០នាទី)
- ម៉ោង៩៖៣០នាទី ដល់ម៉ោង ១០៖០០នាទី គីមីវិទ្យា (៣០នាទី)
- ម៉ោង១០៖៣០នាទី ដល់ម៉ោង ១១៖០០នាទី ផែនដី និងបរិស្ថានវិទ្យា (៣០នាទី)

ពេលរសៀល
- ម៉ោង១៤៖០០នាទី ដល់ម៉ោង ១៤៖៤៥នាទី រូបវិទ្យា (៤៥នាទី)
- ម៉ោង១៥៖១៥នាទី ដល់ម៉ោង ១៥៖៥៥នាទី ភូមិវិទ្យា (៣០នាទី)
- ម៉ោង១៦៖២៥នាទី ដល់ម៉ោង ១៧៖១០នាទី សីលធម៌-ពលរដ្ឋវិទ្យា (៤៥នាទី)

* ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២
ពេលព្រឹក
- ម៉ោង៧៖៣០នាទី ដល់ម៉ោង ៩៖៣០នាទី គណិតវិទ្យា (១២០នាទី)
- ម៉ោង១០៖០០នាទី ដល់ម៉ោង ១១៖០០នាទី ការសរសេរតាមអាន (៦០នាទី)

ពេលរសៀល
- ម៉ោង១៤៖០០នាទី ដល់ម៉ោង ១៤៖៤៥នាទី ជីវវិទ្យា (៤៥នាទី)
- ម៉ោង១៥៖១៥នាទី ដល់ម៉ោង ១៥៖៥៥នាទី ប្រវត្តិវិទ្យា (៣០នាទី)
- ម៉ោង១៦៖២៥នាទី ដល់ម៉ោង ១៧៖១០នាទី ភាសាបរទេស (៤៥នាទី)

សម្រាប់ពេលវេលាប្រកាសលទ្ធផល នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕