(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់៧នាក់ និងរបួសស្រាល៣នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១០គ្រឿង រួមមាន ម៉ូតូចំនួន៧គ្រឿង រថយន្តធុនតូចចំនួន១គ្រឿង រថយន្តធុនធំចំនួន១គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿង៣លើក, មិនគោរពសិទ្ធិ១លើក និងប្រជែងគ្រោះថ្នាក់១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៧នាក់។
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣៦០៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១៦០៧គ្រឿង និងពិន័យសរុប១៩៩៧គ្រឿង៕