(តាកែវ)៖ លោកវេជ្ជបណ្ឌិត សុខ ផេង សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង និងលោក សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ បានដាស់តឿន និងក្រើនរំលឹកដល់មន្រ្តីគណបក្សថ្នាក់មូលដ្ឋាន ឱ្យបន្តកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាជាងមុនក្នុងការបម្រេីប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើយ៉ាងណាឱ្យមានភាពស្និទ្ធស្នាលរវាងប្រជាពលរដ្ឋ និងមន្ត្រីគណបក្សរបស់យើង។

ការដាក់តឿនបែបនេះ របស់មន្ត្រីជាន់ខ្ពស់ទាំង២ បានធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារចុះឈ្មោះបោះឆ្នោត និងតាមដានការអនុវត្តការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ នៅស្នាក់ការគណបក្សស្រុកទ្រាំង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ គណៈកម្មាធិការគណបក្សស្រុកទ្រាំង គណៈកម្មាធិការគណបក្សឃុំទាំង១៤។

លោក សុខ ផេង បានបន្តថា ប្រទេសជាតិមានការរីកចម្រើនរហូតដល់សព្វថ្ងៃនេះគឺដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ រយៈពេល៤០ឆ្នាំក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ កម្ពុជាបានប្រែប្រួលហួសពីការស្មាន ពោលកម្ពុជា បានប្រែក្លាយពីប្រទេសដែលមានសង្រ្គាមបង្ហូរឈាមគ្នាទៅជាប្រទេសដែលមានសុខសន្តិភាព ពីប្រទេសដែលមានអាត្រាក្រីក្រស្ទើរ១០០ភាគរយ មកនៅជាប្រទេសដែលមានអាត្រាភាពក្រីក្រប្រមាណ ១០ភាគរយ និងជាប្រទេសដែលត្រូវគេហ៊ុំមព័ទ្ធសេដ្ឋកិច្ច ត្រូវបានប្រែក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំ។ ការប្រែប្រួលទាំងអស់នេះ និងមិនបានកើតមានឡើងនោះទេ បើគ្មានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។

លោកបានបន្ថែមថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅកាន់តែមានជីវភាពធូធារ ទើបប្រជាពលរដ្ឋបន្តបោះឆ្នោត គាំទ្រដល់គណបក្សប្រជាជនកម្ពុជាគាំទ្រភ្លូកទឹកភ្លូកដីពីមួយអាណត្តិទៅមួយអាណត្តិ។ ដូច្នេះ ដើម្បីតបស្នងសងគុណដល់ម្ចាស់ឆ្នោត គប្បីសមាជិកគណបក្សប្រជាជនទាំងអស់ត្រូវប្រឹងប្រែងបម្រេីប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឱ្យអស់ពីសមត្ថភាពតាមរយៈការបម្រេីសេវាជូនពួកគាត់ឱ្យបានទាន់ពេលវេលា ត្រូវដឹងពីសុខទុក្ខប្រជាពលរដ្ឋជាពិសេសត្រូវជួយដោះស្រាយរាល់ទុក្ខលំបាក និងសេចក្ដីត្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្នុងឱកាសនោះដែរ លោក សុខ ផេង ក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង អញ្ជើញទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដែលមានបិទផ្សាយនៅសាលាឃុំ-សង្កាត់ ឱ្យបានគ្រប់ៗគ្នា ដើម្បីបងប្អូនម្នាក់ៗ មានសិទ្ធិទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខនេះ និងដើម្បីបានបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យឈ្នះភ្លូកទឹកភ្លូកដីបន្តទៀតផងដែរ៕