(រតនគិរី)៖ ផ្ទះទើបសង់ថ្មីជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានលោក លី ធុជ អនុប្រធានក្រុមការងារថ្នាក់កណ្ដាល គណបក្សប្រជាជនចុះពង្រឹងខេត្តរតនគិរី និងលោក មង ប៊ន ប្រធានគណបក្សខេត្ត បានប្រគល់ជូនប្រជាពលរដ្ឋមួយគ្រូសារ ក្រោយពីផ្ទះចាស់របស់ពួកគាត់ បានដួលរលំដោយសារខ្យល់កន្ដ្រាក់ រហូតបណ្តាលឲ្យស្លាប់ប្ដីផងដែរ។ ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងឱកាសនោះ លោក លី ធុជ ក៏បានដឹកនាំក្រុមគ្រូពេទ្យសម្ដេចតេជោ ចុះព្យាបាលប្រជាជន ក្នុងភូមិប៉ុង ឃុំប៉ង ស្រុកវើនសៃ ខេត្តរតនគិរីជាច្រើននាក់ផងដែរ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ របស់ពួកគាត់បានមួយកម្រិត ដែលត្រូវចំណាយលុយកាក់លើការព្យាបាលជម្ងឺ។ ជាចុងក្រោយ ប្រជាពលរដ្ឋបានសម្ដែងនូវអំណរគុណចំពោះ សម្តេចនាយករដ្ឋមន្រ្តី ហើយសន្យានឹងបន្តគាំទ្រ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនជារៀងរហូត៕