(ប៉ារីស)៖ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ដែលហៅកាត់ថា UEFA (យូហ្វា) បានកំណត់យ៉ាងច្បាស់ថា សម្រាប់ ក្រុមឈ្នះ ១ប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល នឹងទទួលបានទឹកប្រាក់ ១លានដុល្លារ គ្រាដែលក្រុមលេងស្មើ នឹងទទួលបាន ៥៥ម៉ឺនដុល្លារក្នុងព្រឹត្តិការណ៍បាល់ទាត់ Euro 2016 លើកទី១៥ នៅប្រទេសបារាំង។
តែយ៉ាងណាក៏ដោយ គេហទំព័រផ្លូវការ UEFA មិនបានបញ្ជាក់ថា ចំពោះក្រុមចាញ់នឹងទទួលបានទឹកប្រាក់ប៉ុន្មាននោះ ទេ ក្នុងចំណោមទឹកប្រាក់សរុប ៣២៧លានដុល្លារ ដែល UEFA ត្រៀមចែកជូនក្រុមទាំង ២៤ជម្រើសជាតិសាសន៍ ដែលឡើងមកលេងវគ្គផ្តាច់ព្រ័ត្រនេះ។
ទន្ទឹមគ្នានោះដែរ ក្រុមនីមួយៗត្រូវលេង៣ប្រកួតក្នុងពូល មុនឡើងទៅវគ្គ១៦ក្រុម ចំពោះ២ក្រុមមានពិន្ទុខ្ពស់ជាងគេ។ សម្រាប់ក្រុមដែលឈ្នះកៅអី១ ឡើងមកដល់វគ្គ១៦ក្រុម (វគ្គចាញ់ធ្លាក់) នឹងទទួលបាន ១.៦៥លានដុល្លារក្នុងមួយក្រុម និងក្រុមឡើងវគ្គដល់វគ្គ៨ក្រុមចុងក្រោយ នឹងទទួលបាន ២.៧៤លានដុល្លារ ក្នុងមួយក្រុម និងបន្ថែម ៤.៤ លាន ដុល្លារទៀត សម្រាប់ក្រុមឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង២ក្រុមដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដែលនឹង ប្រកួតបញ្ចប់នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នោះ ក្រុមឈ្នះជើងឯក នឹងទទួលបានពាន៩លានដុល្លារ និងរងជើងឯក ទទួលបាន ៥.៥លានដុល្លារ។
ដូចនេះ សរុបជារួម ក្រុមឈ្នះជើងឯកប្រចាំទ្វីបអឺរ៉ុប ដែលមានរយៈពេល៤ឆ្នាំម្តងនេះ UEFA Euro 2016 នឹងទទួល បានពាន១ មេដាយមាស ២៥គ្រឿង និងរង្វាន់ទឹកប្រាក់សរុប ៣៤លានដុល្លារ (ឈ្នះទាំង៣ប្រកួត ក្នុងពូល) និងជើង ឯករង ទទួលបានមេដាយប្រាក់ ២៥គ្រឿង និងទឹកប្រាក់ ២៨លានដុល្លារ (ឈ្នះទាំង៣ប្រកួត ក្នុងពូល) និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត ពីការប្រកួតដែលមានរយៈ១ខែពេញ ចាប់ពីថ្ងៃទី១០ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដោយបារាំងទទួលបាន ៣៣លានដុល្លារ ក្នុងនាមជាម្ចាស់ផ្ទះ៕