(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ្វ៊ុនស៉ិនប៉ិច បានផ្ញើសារលិខិតសម្តែងការអបអរសាទរជូន លោកប្រធានាធិបតី ស៊ី ជិនពីង ដែលបានជាប់ឆ្នោតជាថ្មី ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន។
តាមរយៈព្រះលិខិត ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់មានបន្ទូលយ៉ាងដូច្នេះថា៖ «ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិក នៃគណបក្សហ្វ៊ុនស៉ិនប៉ិច និងក្នុងនាមខ្ញុំផ្ទាល់ សូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរយ៉ាងកក់ក្តៅ ក្នុងឱកាសដ៏មហានក្ខឫក្ស ដែលឯកឧត្តម ត្រូវបានមហាសន្និបាតលើកទី១០ បោះឆ្នោតគាំទ្រជាអគ្គលេខាធិការគណបក្សកុម្មុនីស្តចិន សម្រាប់អាណត្តិថ្មីជាបន្តទៀត។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមប្រសិទ្ធសព្ទសាធុការជូនឯកឧត្តម អគ្គលេខាធិការ សូមទទួលបាននូវជោគជ័យដ៏ត្រចេះត្រចង់ ក្នុងការដឹកនាំគណបក្សកុម្មុនីស្តចិន ក៏ដូចជាការអភិវឌ្ឍប្រទេសចិន ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត»។
សូមជម្រាបថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានតែងតាំងជាអគ្គលេខាធិការ និងជាប្រធានគណៈកម្មការយោធាមជ្ឈិម នៃគណបក្សកុម្មុយនិស្ដចិន សម្រាប់អាណត្តិទី៣ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។
គណបក្សកុម្មុយនិស្តចិនបានបិទបញ្ចប់សមាជបក្សលើកទី២០ របស់ខ្លួនកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីប្រតិភូបក្សជាង ២,៣០០នាក់មកពីទូទាំងប្រទេស ជួបប្រជុំគ្នាដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំកំពូលៗរបស់បក្ស ចាយពេលជាងមួយសប្ដាហ៍។ ក្រៅតែពីការប្រកាសតែងតាំងលោក ស៊ី ជិនពីង ជាអគ្គលេខាធិការបក្ស ក៏មានការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ចំនួន២០៥នាក់ផងដែរ ដែលនឹងដឹកនាំគណបក្សរយៈពេល៥ឆ្នាំបន្ត និងសុទ្ធសឹងតែ ជាមនុស្សស្មោះស្ម័គ្រជាមួយលោក ស៊ី ជិនពីង៕