(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ច នៅខត្តយូណាន់ ប្រទេសចិន នៅព្រឹក ថ្ងៃទី១១ ខែមិថុនានេះ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ធ្វើដំណើរទស្សនកិច្ច ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៦ តបតាមការអញ្ជើញ របស់លោក ចិន ហាវ អភិបាលខេត្តយូណាន់។
នៅក្នុងដំណើរទស្សនកិច្ច រយៈពេល៦ថ្ងៃ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងឡើងថ្លែងសុន្ទរកថា ក្នុងពិធីបើកការតាំងពិព័រណ៍ ចិន-អាស៊ីខាងត្បូង លើកទី៤ និងការតាំងពិព័រណ៍ពាណិជ្ជកម្មមុខទំនិញ នាំចេញ-នាំចូលរបស់ចិន-គុនមិញ លើកទី២៤។
ក្រៅពីការចូលរួមកិច្ចប្រជុំ លោក ហោ ណាំហុង នឹងជួបពិភាក្សាការងារជាមួយលោក វ៉ាង យ៉ាង ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ ប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរទស្សនៈគ្នា អំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកម្ពុជា-ចិន។
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏នឹងអញ្ជើញទស្សនាស្តង់ខ្មែរចំនួន ៤០ស្តង់ ដែលបានតាំងពិព័រណ៍ពាណិជ្ជកម្មបង្ហាញទំនិញផ្សេងៗ របស់កម្ពុជា ដើម្បីជំរុញពាណិជ្ជកម្មកម្ពុជា-ចិន ឲ្យបានច្រើនថែមទៀត ហើយក៏នឹងមានការទស្សនាតំបន់នានា នៅខេត្តយូណានផងដែរ៕