(កំពត)៖ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ បាន ទទួលឯកសណ្ឋាន លក្ខណៈសញ្ញាស័ក្តិ និងសម្ភារប្រើប្រាស់ប្រចាំឆ្នាំ២០១៥ ពីលោកវរសេនីយ៍ឯក សួន សុខា អនុប្រធានក្រុមការងារទី២ និងជានាយការិយាល័យនាយកដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស (អ្នកប្រគល់) និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្ត (អ្នកទទួល)។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្នងការរងទទួលផែនភស្តុភា និងហិរញ្ញវត្ថុ ប្រតិភូអមដំណើរគណ:អធិបតី លោកអនុការិយាល័យកណ្តាល លោកនាយការិយាល័យភស្តុភារ និងគណនេយ្យ លោកអធិការក្រុង-ស្រុកទាំង៨លោកមេបញ្ជាការវរសេនាតូច៦០១ និងអស់លោកមន្ត្រីដែលពាក់ព័ន្ធសរុបចំនួន២៥រូប ផងដែរ។
នៅក្នុងឱកាសនោះលោក សួន សុខា បានលើកឡើងនូវការផ្តាំផ្ញើពីថ្នាក់ដឹកនាំ ជូនកងកម្លាំងនគរបាលខេត្តកំពត ទាំងអស់ត្រូវបន្ត ពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់តាមមូលដ្ឋានជូនប្រជាពលរដ្ឋ ជាពិសេសត្រូវទប់ស្កាត់ឲ្យខាងតែបានចំពោះបទល្មើសប្លន់ជាដើម៕