(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកនយោបាយ សុំឲ្យដោះលែងអ្នកបឹងកក់ អ្នកបុរីកីឡា និងអ្នកថ្មគោល កុំបន្តជួលពួកគាត់ ឲ្យធ្វើបាតុកម្មទាមទារតទៅទៀត។ លោក ប៉ា សុជាតិវង្ស លើកឡើងបែបនេះ ខណៈលោក ចូលរួមជាអធិបតីក្នុងពិធី បើកការដ្ឋានស្ថាបនាឡើងវិញ កំណាត់ផ្លូវចូលសកលវិទ្យាល័យកសិកម្មចំការដូង នៅព្រឹក ថ្ងៃទី១១ មិថុនា ឆ្នាំ២០១៦នេះ។
លោក ប៉ា សុជាតិវង្ស បានលើកឡើងថា «អ្នកបឹងកក់ដែលធ្វើសកម្មភាពតវ៉ារាល់លើកនេះ មិនមែនដើម្បីបឹងកក់ទេ តែដើម្បីគោលដៅ នយោបាយមួយ ដែលអ្នកទាំងនោះ គេជួលទៅធ្វើបាតុកម្ម សុំឲ្យដោះលែងទៅ។ សូមបងប្អូនងាកមករកមុខរបរអាជីវកម្មចិញ្ចឹមជីវិតវិញ។ ដូចជាយាយមាំមីមួយ លែងគិតរកស៊ី ចាំតែគេហៅទៅដើរតាមផ្លូវបាន ៥ដុល្លារ បាន១០ដុល្លារ ដល់ល្ងាច ទៅជប់លៀងប៊ីយ៊ែរ១កំប៉ុង២កំប៉ុង រហូតឈឺ គាំងបេះដូង ដោយសារផឹកប៊ីយ៊ែរសោះថា គេធ្វើឯណាវិញ ហើយនៅសល់លុយ អង្គុយលេងបៀយ៉ាងព្រងើយ ដែលលុយបានពីបាតុកម្ម។ ឥឡូវសុំដោះលែងគាត់ទៅឲ្យគាត់ចេះរកមុខរបរអីចិញ្ចឹមជីវិតផង»។
កន្លងមកសកម្មជនដីធ្លីអ្នកបឹងកក់ អ្នកបុរីកីឡា និងអ្នកថ្មគោលជាដើម ដែលតាំងខ្លួនជាជនរងគ្រោះដោយសារទំនាស់ដីធ្លី តែងចេញមុខតវ៉ា នៅពេលមានការជួបជុំ នៅតាមទីសាធារណៈម្តងៗ។ សកម្មភាពតវ៉ារបស់ពួកគាត់ រងការរិះគន់ ជាបន្តបន្ទាប់ថា គ្រាន់តែជាការសំដែងប៉ុណ្ណោះ។ អ្នកខ្លះថា ការតវ៉ានេះធ្វើឡើងដើម្បីទាមទារប្រជាប្រិយភាព និងអ្នកខ្លះថា ធ្វើឡើងដោយមានការបញ្ជាពីអ្នកនយោបាយជាដើម៕