(បាត់ដំបង)៖ មន្ត្រីជំនាញផ្នែកកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ម្សិលមិញ បានចុះពិនិត្យស្ថានភាពលិចលង់ស្រូវរបស់ប្រជាកសិករក្នុងឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។
នៅក្នុងដំណើរចុះពិនិត្យស្ថានភាពលិចលង់ និងផលប៉ះពាល់របស់ប្រជាកសិករនេះ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានជួបសំណេះសំណាល សាកសួរប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីថ្លៃដើមនៃការផលិតដំណាំស្រូវរបស់ពួកគាត់ ដោយបានជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីប្រជាពលរដ្ឋរងផលប៉ះពាល់ សមាគមទទួលបន្ទុកផ្គត់ផ្គង់ទឹកដល់ដំណើរការកសិកម្ម ព្រមទាំងឈ្មួញអ្នកបញ្ជាទីញស្រូវពីប្រជាកសិករផងដែរ។
ស្ថានភាពជាក់ស្ដែងនៅតំបន់នោះ ក្រៅតែពីរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងហើយ ក៏មានផងដែរ បញ្ហាខ្យងក្រហមបំផ្លាញស្រូវ។ បើតាមការពន្យល់របស់ប្រជាកសិករ គឺដោយសារតែបញ្ហាខ្យងក្រហមនេះ ពួកគាត់ត្រូវបង្ខំចិត្តប្រើពូជស្រូវច្រើន ដើម្បីកាត់កងជាមួយការបំផ្លាញរបស់សត្វខ្យងចង្រៃនេះ ជាហេតុធ្វើឱ្យពួកគាត់ត្រូវចំណាយកាន់តែច្រើនបន្ថែមទៀត នៅក្នុងដំណាក់កាលដាក់ជី។
ប្រជាកសិករក៏លើកឡើងនូវបញ្ហាមួយចំនួនដែលនាំឱ្យការធ្វើស្រែមិនសូវចំណេញ ព្រោះតម្លៃជី និងថ្នាំកសិករខ្ពស់ បូករួមជាមួយថ្លៃពលកម្មផ្សេងៗទៀត។
តាមរយៈការស្ដាប់យ៉ាងយកចិត្តទុកដាក់ លោក ងិន ឆាយ បានផ្ដល់អនុសាសន៍ពន្យល់ប្រជាកសិករអំពីបច្ចេកទេសនៃការដាំដុះដំណាំស្រូវប្រកបដោយប្រសិទ្ធភាព ដើម្បីប្រសិទ្ធផលខ្ពស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយជាអតិបរមា និងទទួលបានមកវិញនូវផលចំណេញច្រើនជាងមុន។ លោក ងិន ឆាយ ក៏បានឆ្លៀតចែករំលែកចំណេះដឹងមួយចំនួន ពាក់ព័ន្ធការរើសពូជស្រូវ ការប្រើប្រាស់ជី ព្រមទាំងវិធីសាស្ត្រមួយចំនួនសម្រាប់កាត់បន្ថយខ្យងក្រហម ដោយពុំចាំបាច់ប្រើប្រាស់ថ្នាំសម្លាប់សត្វចង្រៃ ដែលប្រសិនបើធ្វើបាន វានឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាកសិករបានមួយកម្រិត។
បន្ទាប់ពីបានស្តាប់នូវការចែករំលែកចំណេះដឹងទាំងនោះ ប្រជាកសិករបានរីករាយ ព្រោះគាត់រំពឹងនឹងរួមចំណែកឱ្យការធ្វើស្រែរបស់គាត់មានភាពប្រសើរឡើង។ ប្រជាកសិករនៅឃុំអន្លង់រុន បានលើកឡើងថា ពួកគាត់ខ្វះខាតច្រើនលើចំណេះដឹងកសិកម្ម ដោយធ្វើឡើងតាមការដកពិសោធន៍ដោយខ្លួនឯង ឬធ្វើតាមគ្នាជាដើម។ ក្នុងន័យនេះ ពួកគាត់យល់ថា ការចែករំលែកចំណេះដឹងផ្នែកកសិកកម្ម មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់។ ប្រជាកសិករ ក៏បានស្នើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយរិះរកវិធីសាស្ត្រចែករំលែកចំណេះដឹងកសិកម្មឱ្យកាន់តែទូលំទូលាយ ដើម្បីកសិករមានការយល់ដឹង ហើយទទួលបានលទ្ធផលល្អលើការងារកសិកម្មនេះ៕