(កំពង់ធំ)៖ លោក លី វេត អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ។ លោកថ្លែងបែបនេះ ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២២ ដែលរៀបចំដោយមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ នៅសាលាស្រុកប្រាសាទបល្ល័ង្ក នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

លោក លី វេត បានលើកឡើងថា មនុស្សចាស់គឺជាធនធានដ៏មានសារៈសំខាន់បំផុត ដែលបានផ្តល់នូវចំណេះដឹង និងផ្ទេរនូវបទពិសោធន៍ ដ៏ច្រើនលើសលប់ សម្រាប់មនុស្សជំនាន់ក្រោយៗ មនុស្សចាស់បានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីថែរក្សាទុកនូវ សមិទ្ធិផលជាតិ និងស្នាដៃជាប្រវត្តិសាស្ត្រសំរាប់មនុស្សជាតិ។ ចំណុចទាំងអស់នេះ គឺជាមរតក មិនអាចកាត់ផ្តាច់បាននូវតុណូបការៈប្រកបដោយគតិបណ្ឌិត ការអប់រំប្រៀនប្រដៅ និងស្នាដៃនៃបុព្វបុរស និងមនុស្សចាស់របស់យើងបានឡើយជាពិសេសការទូន្មានរបស់មុស្សចាស់ជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអប់រំសីលធម៌ និងចរិយាធម៌ របស់សង្គមជាតិកម្ពុជា។

លោកបានបញ្ជាក់ថា សារលិខិតសម្តេចតេជោបានសម្ដែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រជាមួយលោកតា លោកយាយ ព្រឹទ្ធាចារ្យ និងបងប្អូនជនរួមជាតិទាំងអស់ ព្រមទាំងប្រជាជាតិទូទាំងពិភពលោកក្នុងឱកាសនៃទិវាមនុស្សចាស់ឆ្នាំនេះ ក្រោមប្រធានបទ «មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ ដែលជាទិវាមួយសម្រាប់រំលឹកគុណមនុស្សចាស់នៅទូទាំងសកលោក» ហើយជាទិវាមួយសម្រាប់រំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើង ក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ជាពិសេសចំពោះមនុស្សវ័យចាស់៕