(សៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំសន្និសីទសារព័ត៌មាន ប្រកាសបើកយុទ្ធនាការរៃអង្គាស សម្រាប់ជួយសង្គ្រោះជីវិតកុមារកម្ពុជា ពីជំងឺមហារីក។ យុទ្ធនាការនេះចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងរៃអង្គាសមូលនិធិជាលើកដំបូង ដែលផ្តោតលើជំងឺមហារីកនឹងលំបាកក្នុងការព្យាបាល នៅទូទាំងសកលលោក។ តាមរយៈកម្មវិធីមួយនេះដែរ មន្ទីរពេទ្យរំពឹងទុកថា​ នឹងអាចប្រមូលបានថវិកាចំនួនប្រមាណជា ១០ម៉ឺនដុល្លារ ព្រមទាំង​មានការចូល​រួម​ជ្រោមជែ្រងពីសំណាក់ តារាសម្តែង ឬចម្រៀងល្បីៗ ក្រុមហ៊ុនអាជីវកម្ម សប្បុរសជន​ទាំងក្នុង និងក្រៅប្រទេសផងដែរ។

លោកវេជ្ជបណ្ឌិត សំ លីវណ្ណៈ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក បានឱ្យដឹងថា ជំងឺមហារីក គឺជាជំងឺមួយដែលអាចកើតឡើងលើមនុស្សគ្រប់គ្នា រួមទាំងកុមារផងដែរ។ ជំងឺមហារីក បង្កឡើងនៅពេលកោសិកានៅក្នុងរាងកាយបំលែងខ្លួនដោយមិនអាចគ្រប់គ្រងបាន និងរីករាលដាលចូលទៅក្នុងសេរីរាង្គផ្សេងៗទៀតក្នុងខ្លួន។ នៅក្នុងប្រទេសកម្ពុជា ចំនួនអ្នកកើតមហារីកកំពុងកើនឡើងគួរឱ្យកត់សម្គាល់។

យោងទៅលើទិន្នន័យប្រទេសជិតខាងនៅក្នុងតំបន់ ជារៀងរាល់ឆ្នាំ មនុស្សប្រមាណ១៥,០០០នាក់ ទៅ​១៨,០០០នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យអំពីជំងឺមហារីក ក្នុងនោះដែរ ជាង ៥៥០នាក់ គឺជាកុមារ។ ដោយឡែក ចំនួនកុមារដែលស្លាប់មុនការធ្វើរោគវិនិច្ឆ័យ គឺមិនមានទិន្នន័យច្បាស់លាស់នោះទេ ប៉ុន្តែការស្រាវជ្រាវបង្ហាញពីអត្រារស់រានមានជីវិតសម្រាប់អ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យ គឺមានកម្រិតទាប ត្រឹមតែ២០% ប៉ុណ្ណោះ។ ជំងឺមហារីកកុមារ ស្ទើរតែទាំងអស់ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យកុមារអង្គរ ព្រោះជាម្រើសតែមួយគត់របស់ពួកគាត់ដោយនៅទីនេះ ដោយអាចព្យាបាលពួកគេបាន។

ចំណែកលោក វេជ្ជបណ្ឌិត ខូវ ផារ៉ា ប្រធានផ្នែកអគារចក្ខុរោគ បានឱ្យដឹងថា ក្នុងនាមជាគ្រូពេទ្យផ្នែកចក្ខុរោគម្នាក់ នៃមន្ទីរពេទ្យកុមារអង្គរ លោកបានពិនិត្យ ព្យាបាល កុមារមហារីកបាតភ្នែកជាច្រើននាក់។ អាណាព្យាបាលអ្នកជំងឺភាគច្រើន ភ្ញាក់ផ្ញើលនៅពេលដែលដឹងថា កូនរបស់ខ្លួនមានជំងឺមហារីកបាតភ្នែក។ គ្រូពេទ្យផ្នែកចក្ខុរោគ និងផ្នែកមហារីក បានធ្វើការយ៉ាងជិតស្និតជាមួយគ្នាក្នុងការព្យាបាលកុមារម្នាក់ៗ ឱ្យបានជាសះស្បើយពីមហារីកផងដែរ។

ទន្ទឹមនឹងនេះដែរ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ បានលើកឡើងថា ដើម្បីដំណើរការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំជំងឺមហារីកទាំងមូល ត្រូវការចំណាយ ចន្លោះពី ៣៥០,០០០ដុល្លារ ទៅ ៤៥០,០០០ដុល្លារ ក្នុងមួយឆ្នាំ។ ប្រសិនបើគ្មានមូលនិធិគ្រប់គ្រាន់នោះទេ ការពិនិត្យ ព្យាបាល និងថែទាំជំងឺមហារីកអាចនឹងត្រូវកាត់បន្ថយ ឬប្រឈមនឹងការបិទបញ្ឈប់ បណ្តាលឱ្យមានការប៉ះពាល់ដល់ជីវិតកុមារកម្ពុជាជាច្រើនកំពុងតែមកទទួលសេវានេះ ពីមន្ទីរពេទ្យកុមារអង្គរ។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា ក៏បានអំពាវនាវឱ្យមានការគាំទ្រកម្មវិធីនេះ សូមចូលរួមផ្តល់ជំនួយជាការបរិច្ចាគថវិកាជាប្រចាំខែ ឬប្រចាំ​ឆ្នាំ ដល់មន្ទីរពេទ្យកុមារអង្គរ និងចែករំលែកការអំពាវនាវនេះ ទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារ លោកអ្នកអាចជួយសង្រ្គោះជីវិតកុមារក្នុងពេលបច្ចុប្បន្ននេះ និងទៅអនាគត។

សូមបញ្ជាក់ផងដែរ មន្ទីរពេទ្យកុមារអង្គរ បានបើកដំណើរការផ្នែកជំងឺមហារីក ក្នុងឆ្នាំ២០១២ ដើម្បីពិនិត្យព្យាបាល និងថែទាំ ចំពោះជំងឺដ៏កាចសាហាវនេះ ក្នុងខណៈពេលដែលការព្យាបាលមហារីកបាតភ្នែកក៏បានចាប់ផ្តើមដែរ។ នៅក្នុងឆ្នាំ២០២១​ កន្លងមក មន្ទីរពេទ្យក៏បានដាក់ដំណើរការ អគារដាច់ដោយឡែកផ្តោតលើជំងឺមហារីក ដោយបានពិនិត្យ ព្យាបាល ថែទាំកុមារមហារីកចំនួនចំនួន ៥០៨ករណី។ ក្នុងនោះដែរ អ្នកជំងឺមហារីក បីភាគបួន (៣/៤) បានជាសះស្បើយ និងក៏កំពុងតែបន្តទទួលការព្យាបាល។

ការព្យាបាលជំងឺមហារីករួមបញ្ចូលគ្នានូវការវះកាត់ ការព្យាបាលដោយការចាក់ថ្នាំគីមី (ថ្នាំមហារីក) ការព្យាបាលដោយឡាស៊ែរ និងការព្យាបាលដោយប្រើគ្រីស្តាល់ (ដោយប្រើភាពត្រជាក់ខ្លាំងដើម្បីបង្កកជាលិកាមិនធម្មតា) និងព្យាបាលបំបាត់ការឈឺចាប់។ ការព្យាបាលជំងឺមហារីក មានភាពតានតឹងខ្លាំងសម្រាប់កុមារ និងក្រុមគ្រួសារ ដូច្នេះហើយ មន្ទីរពេទ្យកុមារអង្គរ ក៏មានរួមបញ្ចូល នូវសេវាគាំទ្រផ្នែកផ្លូវចិត្ត និងហិរញ្ញវត្ថុដល់អ្នកជំងឺមហារីក និងអាណាព្យាបាល ដូចជាការផ្តល់ប្រឹក្សា ប្រាក់ឧបត្ថម្ភធ្វើដំណើរ និងកញ្ចប់អាហារជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ឪពុកម្តាយអ្នកជំងឺក៏ទទួលបានការអប់រំចំណេះដឹង អំពីស្ថានភាពរបស់កូនៗ ផែនការព្យាបាល ផលប៉ះពាល់នៃការព្យាបាល និងរបៀបថែទាំកូនរបស់ពួកគាត់នៅផ្ទះថែមទៀតផង។

ជាមួយនេះដែរ មូលនិធិរបស់មន្ទីរពេទ្យកុមារអង្គរ បានប្រឈមនឹងបញ្ហា ដោយសារតែចំនួនអ្នកជំងឺកាន់តែកើនឡើង មន្ទីរពេទ្យក៏សូមអំពាវនាវដល់សាធារណៈជនទាំងអស់ មេត្តាចូលរួមគាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយ រៃអង្គាសមួយនេះឱ្យបានទទួលជោគជ័យ សម្រាប់​ទ្រទ្រង់ផ្គត់ផ្ទង់សេវាពិនិត្យ ព្យាបាល ថែទាំជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរបន្តទៀតផងដែរ៕