(កំពង់ធំ)៖ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ និងសហការី បានអញ្ជើញបន្តនាំយកអំណោយជាស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូន និងរួមចំណែកសម្រាលការលំបាករបស់ប្រជាពលរដ្ឋ៨០៩គ្រួសារ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

លោក ព្រឹម រដ្ឋា បានផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលលោកតែងតែយកចិត្តទុកដាក់នឹករលឹក និងរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច។

លោកបានបញ្ជាក់ថា ការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកនេះ គឺកិច្ចការងារចាំបាច់បំផុតដែលសម្តេចតេជោតែងតែណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេស ភូមិឃុំ ត្រូវយកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ ឬមិនមានការជួយជ្រោមជ្រែង ពីអាជ្ញាធរនោះឡើយ ក្នុងស្ថានភាពគ្រោះមហន្តរាយឬឧប្បទ្ទវេហតុណាមួយ ជាពិសេសគ្រួសារងាយរងហានិភ័យ ស្ត្រីមេម៉ាយ និងកុមាកំព្រាដែល ភូមិ ឃុំស្ថិតនៅផ្ទាល់។

លោកក៏បានអំពាវនាវដល់ពលរដ្ឋ និងបងប្អូនប្រជានេសាទគ្រប់រូប ត្រូវនាំគ្នាចូលរួមអភិរក្សមច្ឆជាតិជាពិសេសគឺថែរក្សាពូជត្រីនៅតាមដែនអភិរក្សនានា ហើយមិនត្រូវនាំគ្នាប្រើប្រាស់ឧបករណ៍នេសាទទាំងឡាយណា ដែលខុសច្បាប់ឬច្បាប់មិនអនុញ្ញាតនោះឡើយ និងបានណែនាំដល់បងប្អូនស្ត្រីដែលកំពុងមានផ្ទៃពោះ ត្រូវទៅជួបប្រឹក្សាជាមួយគ្រូពេទ្យចាប់តាំងពីចាប់គភ៌ខែដំបូង និងឲ្យបានទៀងទាត់នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះបំផុត។

លោកបានណែនាំដល់គ្រប់រដ្ឋបាលឃុំ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវធ្វើខ្លួនជាពលរដ្ឋល្អ ត្រូវទៅពិនិត្យបញ្ជីឈ្មោះចុងក្រោយហើយទៅចុះឈ្មោះបោះឆ្នោត អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលា ខាងមុខនេះ ដើម្បីយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន រក្សាសន្តិភាព បន្តទៀតទៅទៀត។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៨០៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ផងដែរ៕