(កំពង់ធំ)៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាង ៣ម៉ោងកាលពីយប់មិញឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានធ្វើឲ្យផ្លូវជាតិលេខ៦ រងការលិចលង់ជំនន់ទឹកភ្លៀង នៅក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ប៉ុន្តែគិតត្រឹម រសៀលថ្ងៃនេះ ទឹកដែលហូរកាត់ផ្លូវជាតិនោះបានស្រកវិញហើយ មិនមានការប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើយ។
លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានបា្រប់ភ្នាក់ងារ Fresh News ថា ផ្លូវជាតិលេខ៦ ដែលរងការលិចដោយទឹកភ្លៀងមូលហេតុដោយសារយប់មិញមានភ្លៀងជាច្រើនម៉ោង តែពេលនេះទឹកត្រូវបានស្រកចុះផុតអស់ហើយប្រសិនបើមេឃកាន់តែក្តៅស្រលះល្អ។
លោកបានបន្តថា ការលិចលង់ផ្លូវជាតិលេខ៦នេះមានពីរកន្លែង គឺចន្លោះពីគីឡូម៉ែត្រ លេខ១៥០-១៥១ ស្ថិតនៅភូមិកកោះ និងគីឡូម៉ែត្រលេខ១៤៦-១៤៧ ភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក។
លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សុំកុំឲ្យយករូបដែលបានថតកាលពីព្រឹក ទៅបង្ហោះចែកចាយគ្នាដើម្បីកុំឲ្យមានការយល់ច្រឡំ ព្រោះពេលនេះទឹកបានស្រកជិតផុតហើយសល់តែលើចិញ្ចើមផ្លូវតិចតួចប៉ុណ្ណោះ៕