(កណ្ដាល)៖ សំណង់វិហារឥស្លាមឈ្មោះ ដារុលតាក់ស៊ីម ជាអំណោយពីក្រុមប្រឹក្សាអីស្លាមរដ្ឋជូហ៊ូរ ម៉ាឡេស៊ី ស្ថិតនៅភូមិចាមលើ ឃុំព្រែកស្ដី ស្រុកកោះធំ បានសាសង់ប្រមាណជា៣០ភាគរយ ដែលវិហារនេះជាគំនិតផ្ដួចផ្ដើម របស់លោកចៅ តុល អនុប្រធានទី២ អចិន្ត្រៃយ៍ចុះជួយស្រុកកោះធំ ដែលលោកបានខ្នះខ្នែងស្នើសុំទៅខាងភាគីម៉ាឡេស៊ី ដើម្បីផ្ដល់ថវិការសម្រាប់សាងសង់ ខណៈទីតាំងដីមានស្រេច។

ស្ថិតនៅគ្រាចុះពិនិត្យសំណង់វិហារនេះ ដោយមានការចូលរួមពី លោក ហូសេន មូហាំម៉ាត់ ហ្វារីត និងលោកស្លេះ ណាហ្ស៊ីនោះ, លោក ចៅ តុល បានទទួលជំនួយពីលោក មឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ជួយផ្គត់ផ្គង់តម្រូវការចាំបាច់សម្រាប់វិហារនេះ និងវិហារធំំមួយទៀតផងដែរ។

លោក ចៅ តុល បានថ្លែងថា «អរគុណសន្តិភាព» អរគុណសម្ដេចតេជោ ដែលបានបើកឱកាសទូលាយ សម្រាប់សហគមឥស្លាមកម្ពុជា ក្នុងការទទួលជំនួយពីបរទេសមកសាងសង់សំណង់វិហារ សាលារៀនជាដើម ដែលនយោបាយសុខដុមនីយកម្មសាសនារបស់សម្ដេច ឃើញថាមានលទ្ធផលផ្លែផ្កាល្អណាស់ ខណៈបរទេសតែងតែកោតសរសើរ ចំពោះការដឹកនាំដ៏ឈ្លៀសវៃរបស់សម្ដេចតេជោ ហើយទទួលបានពេញចិត្តពេញថ្លើម យ៉ាងខ្លាំងពីសំណាក់បងប្អូនមូស្លីមទូទាំងប្រទេស។

លោក ចៅ តុល បានបន្ដថា ៥០០ឆ្នាំមកហើយ កម្ពុជាមិនដែលមានសន្តិភាពទេ ប៉ុន្តែមកដល់សម័យតេជោសែន គឺកម្ពុជាមានឯកភាពជាតិតែមួយ ក្រោមដំបូលតែមួយ គឺរកបានដោយសម្ដេចតេជោ ហ៊ុន សែន ដូច្នេះយើងត្រូវទទួលស្គាល់ទាំងអស់គ្នា ព្រោះវាជាការពិត។ លោកបានគូសបញ្ជាក់ថា គោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជា ពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍ មានសុខសន្តិភាព មានការឯកភាពជាតិ និងបន្តដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍ ការរីកចម្រើន។

លោក ចៅ តុល បានបន្ថែមថា នៅស្រុកកោះធំនេះមានមន្ទីរពេទ្យទំនើបមួយ បាននិងកំពុងតែសាងសង់ឡើង គឺមន្ទីរពេទ្យតេជោសែនកោះធំ ដែលជាមន្ទីរពេទ្យត្រូវបានសាងសង់ឡើងក្នុងរង្វង់ទឹកប្រាក់ជាង១១លានដុល្លារ ដែលនេះសបញ្ជាក់ឲ្យឃើញអំពីការរីកចម្រើន និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋទូទាំងស្រុកកោះធំ និងស្រុកផ្សេងៗ ទៀតនៅជុំវិញ ដើម្បីបានជួយដល់សុខភាពប្រជាពលរដ្ឋដែលមានជំងឺដង្កាត់ មករកសេវាព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ ហើយមន្ទីរពេទ្យតេជោនេះ គឺបំពាក់ទៅដោយឧបករណ៍ទំនើបៗ មានធនធានមនុស្ស មានជំនាញពិតប្រាកដ និងមានស្តង់ដារត្រឹមត្រូវ៕