(មណ្ឌលគិរី)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា អ្នកបរិភោគ អ្នកបរបាញ់សត្វព្រៃ នឹងក្លាយទៅជាជនចម្លែកតែឯងដែលប្រជាពលរដ្ឋបច្ចុប្បន្ននេះ មិនឱ្យតម្លៃខ្លួនឡើយ និងត្រូវបានគេជេរត្មេះ តិះដៀលថាមិនបានយលើពីសារៈប្រយោជន៍នៃការរក្សាសត្វព្រៃ។

លោក នេត្រ ភក្ត្រា បានបន្តថា ការលើកកម្ពស់ការយល់ដឹងជាសាធារណៈនូវហានិភ័យសុខភាពពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃ និងឃោសនាជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរផ្នត់គំនិតមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងការបរិភោគសាច់ សត្វព្រៃដែលវាមិនផ្តល់ប្រយោជន៍សម្រាប់សុខភាព ឬគ្មានឥទ្ធិពលអ្វីបង្ហាញពីកិត្តិយស ឬឋានៈក្នុងសង្គមដូចអ្វីដែលមនុស្សមួយចំនួនតូចបានគិត និងដើម្បីឱ្យពួកគេបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនិយមបរិភោគ សាច់សត្វព្រៃសូមបញ្ឈប់ការហូបសាច់សត្វព្រៃ។ សត្វព្រៃគួរតែនៅក្នុងព្រៃ និងត្រូវថែរក្សាឱ្យបានគង់វង្ស។ ដូច្នេះ សូមអំពាវនាវដល់ព្រានព្រៃ ដែលតែងតែចូលព្រៃដាក់អន្ទាក់ និងបរបាញ់សត្វព្រៃសូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ពីព្រោះសកម្មនេះជាអំពើខុសច្បាប់។

លោក នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកបរិភោគសាច់សត្វព្រៃ អ្នកបរបាញ់សត្វព្រៃ វាទៅជាជនចម្លែកតែឯងដែលប្រជាពលរដ្ឋបច្ចុប្បន្ននេះ មិនឱ្យតម្លៃខ្លួនឡើយ យើងឃើញជាក់ស្តែងហើយជនមួយចំនួន ដែលយកសាច់សត្វព្រៃ ទៅធ្វើជាម្ហូបហើយបង្ហោះអួតនៅលើបណ្តាញទំនាក់ទំនងសង្គម គឺត្រូវបានគេជេរត្មេះ តិះដៀលថាមិនបានយលើពីសារៈប្រយោជន៍នៃការរក្សាសត្វព្រៃ»

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា រយៈពេលចុងក្រោយនេះ ជនដែលយកសត្វព្រៃមកធ្វើម្ហូប ត្រូវបានមហាជនថ្កោលទោសនេះសបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរច្រើនលើសលុបបានយល់ដឹងអំពីសារៈប្រយោជន៍នៃការថែរក្សា អភិរក្សសត្វព្រៃ និងបានយល់ដឹងយ៉ាងសំខាន់ថាសត្វព្រៃគ្រប់ប្រភេទដែលជាផ្នែកនៃជីវៈចម្រុះបាននឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើតុល្យភាពបរិស្ថាន ព្រមទាំងបាននឹងកំពុងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់ប្រទេស តាមរយៈទេសចរណ៍ធម្មជាតិ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ជនដែលបរិភោគ និងបរបាញ់សត្វព្រៃ នឹងក្លាយជាជនក្រុមភាគតិចបំផុត ដែលនៅបន្តប្រព្រឹត្តអំពើខុសច្បាប់នេះ ហើយវាបានក្លាយជាទង្វើមួយដែលប្រជាពលរដ្ឋទូទៅមិនគាំទ្រទេ ដូច្នេះ សូមអំពាវនាវដល់បរិភោគ និងបរបាញ់សត្វព្រៃ ត្រូវលះបង់ និងបញ្ឈប់នូវសកម្មភាពទាំងអស់ ហើយចូលរួមជាមួយប្រជាពលរដ្ឋច្រើនលើសលុប មកស្រឡាញ់ធនធានធម្មជាតិ ការពារ និងថែរក្សាសត្វព្រៃ ដើម្បីឱ្យសាកសមនឹងអ្វីដែលគេប្រសិទ្ធនាមថា «ជាប្រទេសដែលមានជីវៈចម្រុះសម្បូរបែប» ដែលក្នុងកម្ពុជា ក៏ជាផ្ទះរបស់សត្វព្រៃជិតផុតពូជនៅលើពិភពលោកផងដែរ។

បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានថ្លែងថា «វាមិនទាន់ហួសពេលទេសម្រាប់កម្ពុជារបស់យើង នៅក្នុងការពង្រឹង បង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិរបស់យើង បច្ចុប្បន្ននេះ ជាមួយនឹងសុខសន្តិភាព ជាមួយនឹងកំណើនសេដ្ឋកិច្ច ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ប្រមាណ៧ភាគរយ នៅក្នុង១ឆ្នាំ បានធ្វើឱ្យជីវភាពរបស់ប្រជាជនកម្ពុជាយើងបានផ្លាស់ប្តូរ»

លោក នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ដោយបញ្ឈប់ការលក់ដូរមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃក្នុងភោជនីយដ្ឋានរបស់ខ្លួន និងចូលរួមផ្សព្វផ្សាយឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងអង្គការ WWF ប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានរួមគ្នាបើកយុទ្ធនាការបញ្ឈប់ការជួញដូរ​ និងបញ្ឈប់ការហូបសាច់សត្វព្រៃ នៅទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕