Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក បាន គីមូន ដកឈ្មោះ អារ៉ាប៊ី សាអូឌីត និងសម្ព័ន្ធមិត្តចេញពីរបាយការណ៍រំលោភសិទ្ធិកុមារប្រចាំឆ្នាំ ព្រោះតែប្រទេសទាំងនេះគំរាមកាត់ជំនួយមក UN

11-06-2016 11:12

(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក បាន គីមូន បានសម្រេចដកឈ្មោះប្រទេស អារ៉ាប៊ី សាអូឌីត និងសម្ព័ន្ធមិត្ត ដែលកំពុងធ្វើការវាយប្រហារដែនអាកាសនៅប្រទេសយេម៉ែន នោះ ចេញពីរបាយការណ៍រំលោភសិទ្ធិកុមារប្រចាំឆ្នាំ របស់ UN បន្ទាប់ពីរាជាណាចក្រដែលតែងតែផ្តល់ជំនួយ យ៉ាងច្រើនមកកាន់ស្ថាប័នអន្តរជាតិមួយនេះ គំរាមកាត់ផ្តាច់ជំនួយ។ នេះបើតាមការចេញផ្សាយមុន នេះបន្តិច ដោយសារព័ត៌មាន Independent របស់អង់គ្លេស នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០១៦។

លោក បាន គីមូន បានថ្លែងនៅថ្ងៃសុក្រថា «ការដកឈ្មោះ អារ៉ាប៊ី សាអូឌីត ចេញពីបញ្ជី បានក្លាយជាសម្រេចចិត្តដ៏ឈឺចាប់ និងពិបាកបំផុត ដែលខ្ញុំត្រូវតែធ្វើក្នុងនាមជាអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ»។ ការលើកឡើងរបស់លោក បាន នៅពេលនេះគឺលោកចង់បញ្ជាក់ថា សម្ពាធដែល អារ៉ាប់ សាអូឌីត ដាក់មកលើ UN ពិតជាមិនអាចទទួលយកបាននោះឡើយ។

ការលើកឡើងដោយសម្តែងក្តីឈឺចាប់ របស់អគ្គលេខាធិការជនជាតិកូរ៉េខាងត្បូងរូបនេះ បានធ្វើឡើង បន្ទាប់ពីបណ្តាប្រទេសសម្ព័ន្ធមិត្តអារ៉ាប់ ដូចជា អារ៉ាប៊ី សាអូឌីត, អេមីរ៉ាត់ អារ៉ាប់រួម, បារ៉ែន, កូវ៉ែត, កាតា, អេហ្ស៊ីប, ហ្សកដានី, ម៉ូរ៉ូកូ, សេណេហ្គាល់, និង ស៊ូដង់ ត្រូវបានកាត់ចេញពីរបាយការណ៍ នៃបណ្តាប្រទេសរំលោភសិទ្ធិកុមារប្រចាំឆ្នាំ បើទោះបីជាអង្គការអន្តរជាតិ និងសិទ្ធិកុមារបានអះអាងថា កុមារកាន់តែច្រើននាក់ បានទទួលរងការរំលោភបំពាន ដោយសារប្រតិបត្តិការនៅយេម៉ែនក៏ដោយ។

គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍ដំបូងដែលមិនទាន់ត្រូវបានលុបឈ្មោះប្រទេសខាងលើនេះចេញ ក្រុមស៊ើបអង្កេតរបស់ UN បានសរសេរយ៉ាងច្បាស់ថា កងកម្លាំងសម្ព័ន្ធមិត្តរបស់ អារ៉ាប៊ី សាអូឌីត គឺជាក្រុមដែលត្រូវទទួលខុសត្រូវ ចំពោះការស្លាប់របស់កុមារពាក់កណ្តាលក្នុងចំណោមកុមារ ៥១០ នាក់ដែលបានស្លាប់ ក្នុងការប្រយុទ្ធគ្នានៅប្រទេសយេម៉ែនកាលពី ឆ្នាំមុន៕