(ភ្នំពេញ)៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយលោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំនៃយុវជន គណបក្សថ្នាក់កណ្តាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញទៅសួរសុខទុក្ខលោក នុត សាអាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅគេហដ្ឋាននាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ។
ក្នុងឱកាសនោះលោក ចាយ បូរិន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេច លោក លោកស្រី អនុប្រធានគណបក្ស លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ រួមជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះលោក នុត សាអាន និងក្រុមគ្រួសារ។
លោកប្រធានប្រតិភូ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា តែងតែរក្សាចាស់បង្កើនថ្មី ហើយជានិច្ចជាកាលសម្តេចតេជោប្រធានគណបក្ស និងសម្ដេច លោក លោកស្រី ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់សួរសុខទុក្ខ និងជីវភាពរស់នៅរបស់ឥស្សរជនស្នេហាជាតិ ចាស់ព្រឹទ្ធាចារ្យទាំងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។
លោក ចាយ បូរិន បានសម្តែងការកោតសរសើរនូវស្នាដៃបទពិសោធន៍ការងារយ៉ាងច្រើនឥតគណនា ចំណេះដឹង ទេពកោសល្យរបស់លោក នុត សាអាន និងការលះបង់កម្លំាងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែក កសាងអភិវឌ្ឍន៍ ប្រទេសជាតិជារៀងរហូតមក ដូចជាធ្លាប់បាន បម្រើការងារ ជាសាស្រ្តាចារ្យ ប្រធានការិយាល័យរដ្ឋបាលនៅសាលាគរុកោសល្យ និងវិក្រិត្យមជ្ឈិម ក្រសួងអប់រំ យុវជន និងកីឡា, ប្រធាននាយកដ្ឋានកិច្ចការរដ្ឋ និងកិច្ចការតុលាការ, នៅខុទ្ទកាល័យ ក្រុមប្រឹក្សារដ្ឋ ជានាយកខុទ្ទល័យ សម្ដេច ស ខេង, ជាអគ្គលេខា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, ជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នជាប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។
សូមជម្រាបថា លោកបណ្ឌិត ហ៊ុន ណែត ដែលជាថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល តែងតែណែនាំដល់ថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាលគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ចាស់ព្រឹទ្ធាចារ្យ ឥស្សរជនគណបក្សទំាងអស់ ហើយត្រូវសហការគ្នាចុះសួរសុខទុក្ខ ផ្តល់កម្លំាងចិត្ត ជូនលោកជាប្រចាំ ពីព្រោះថា ចាស់ព្រឹទ្ធាចារ្យ រៀមច្បងជំនាន់មុន បានធ្វើពលិកម្មដ៏ធំធេង និងសម្រេចបានសមិទ្ធផលជាច្រើន សម្រាប់ប្រទេសជាតិ និងប្រជាជន ដែលយុវជនជាអ្នកបន្តវេនត្រូវសម្ដែងការដឹងគុណចំពោះថ្នាក់ដឹកនាំជំនាន់មុន ហើយខិតខំថែរក្សា មរតកដ៏ថ្លៃថ្លា និងកសាងឲ្យបាននូវសមិទ្ធផលវិជ្ជមានថ្មីៗ បន្ថែមទៀត។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោក ចាយ បូរិន និងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សាវរីយ និងថវិកា ជាអំណោយរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោក នុត សាអាន និងជូនពរដល់ លោក មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ។
លោក នុត សាអាន បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចពញាចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សម្តេច លោក លោកស្រី អនុប្រធានគណបក្ស លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ជាពិសេស លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ចាស់ព្រឹទ្ធាចារ្យ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយ ស័កិ្កសមជា អ្នកបន្តវេន ពោរពេញដោយគុណធម៌ សមត្ថភាព ចំណេះដឹង ជាទំពំាងស្នងឫស្សីរបស់គណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិទៅថ្ងៃអនាគត។
លោកក៏បានជូនពរដល់គណៈប្រតិភូតំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជាពិសេសសូមឲ្យគណបក្សប្រជាជនយើង ឲ្យទទួលបានជ័យជំនះជារៀងរហូត និងសូមជូនពរដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕