(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលរងខេត្ត តំណាង លោក ម៉ៅ ធនិន អភិបាលខេត្ត និង លោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តី សិស្សានុសិស្ស និង ប្រជាពលរដ្ឋក្នុងខេត្តប្រមាណ ៦០០នាក់ ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា នៅលើបុរីវប្បធម៌កោះសំពៅមាស ស្ថិតនៅក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់់ ខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោក ខូយ រីដា បានថ្លែងថា ទិវាបរិស្ថាន ដែលរៀបចំឡើងក្រោមប្រធានបទ (ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់ស្អាត) ក្នុងគោលបំណងបំផុសស្មារតីប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ទៅលើការថែរក្សាបរិស្ថាន ដែលជាបញ្ហាសកលលោក កំពុងយកចិត្តទុកដាក់ខ្ពស់។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ដើម្បីធានាបានកិច្ចការពារ បរិស្ថាន រួមទាំងធនធានធម្មជាតិ ឲ្យកាន់តែប្រសើរឡើង មានសោភណភាព ក្លាយជាទីក្រុងបៃតង គឺគ្រប់អ្នកពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច វិស័យឯកជន សិស្សនិស្សិត យុវជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ត្រូវរួមចំណែកក្នុងចលនាការពារគុណភាពបរិស្ថាន និង ធនធានធម្មជាតិក្នុងខេត្ត ហើយរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវជំរុញ និងបំផុសចលនាប្រជាពលរដ្ឋចូលរួមធ្វើពលកម្មសម្អាតផ្ទះសម្បែង ដីឡូត៍ ភូមិស្ថានរបស់ខ្លួន ឲ្យបានស្អាត ព្រមៗគ្នា ដើម្បីធានាបានបរិស្ថានអនាម័យល្អ និងសុខុមាលភាពសាធារណៈ។
ក្នុងឱកាសនោះ មន្ទីរបរិស្ថានខេត្ត ក៏បានរៀបចំកីឡារត់ម៉ារ៉ាតុន មានចម្ងាយ ៦គីឡូម៉ែត្រ ដើម្បីអបអរសាទរ ទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ក្រោមប្រធានបទ (ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់ស្អាត) ដែលមានអ្នកចូលរួមជាង ៨០នាក់ផងដែរ៕