(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងសន្ទស្សន៍នៃការងើបឡើងវិញរួចផុត ពីការចំលងនៃវីរុសកូវីដ១៩ របស់គេហទំព័រ Nikkei (COVID-19 Recovery Index)។
សន្ទស្សន៍ Nikkei COVID-19 Recovery Index នេះបានធ្វើការវាយតម្លៃប្រទេស និងតំបន់ចំនួន១២១ លើពិភពលោក លើការគ្រប់គ្រងការឆ្លងវីរុស, ការចាក់វ៉ាក់សាំង និងការចល័តទីនៅក្នុងសង្គម។ ប្រសិនបើសន្ទស្សន៍នេះ មានពិន្ទុកាន់តែខ្ពស់មានន័យថា ប្រទេស ឬតំបន់នោះបានងើបឡើងវិញរួចផុត ពីការចំលងនៃវីរុសកូវីដ១៩ បានល្អប្រសើរ ដោយសារករណីឆ្លងថ្មី មានចំនួនតិចជាងមុន, អត្រានៃការចាក់វ៉ាក់សាំងកាន់តែច្រើន និងវិធានការរក្សាគម្លាត សង្គមធូរស្រាលជាងមុន។
ក្នុងបួនខែជាប់ៗគ្នាចុងក្រោយនេះ ប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់ជាប្រទេសងើបឡើងវិញល្អ ក្នុងចំណោម ប្រទេសដែលមានចំណាត់ថ្នាក់ល្អជាងគេទាំង ដប់នៅលើពិភពលោក។
ជ័យជំនះនេះកើតឡើងមកពីកម្ពុជា បានបន្តជំរុញយុទ្ធនាការចាក់ វ៉ាក់សាំង របស់ខ្លួនបានទូលំទូលាយ និងឆាប់រហ័ស និង ជាលទ្ធផលកម្ពុជា បានបើកប្រទេសទាំងស្រុង ទទួលទេសចរណ៍ពីគ្រប់ទិសទីលើពិភពលោក។ ការវិវត្តដ៏ល្អនេះ បានជួយប្រែក្លាយចក្ខុវិស័យ សេដ្ឋកិច្ចនៅកម្ពុជា អោយកាន់តែមានភាពប្រសើរឡើង។ ធនាគាពិភពលោក បានកែសំរួលការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចកម្ពុជា ពី៤.៥% ទៅ ៤.៨% ក្នុងឆ្នាំ២០២២នេះ។
សូមជម្រាបថា ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើឲ្យកម្ពុជាទទួលបានភាពជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ-១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំង បង្កើតឲ្យមានភាពសុំាសហគមន៍។
គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ កម្ពុជាបានចាក់ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋបានចំនួន ១៥,២១០,២៥៧នាក់ ស្មើនឹង៩៥.០៨ភាគរយនៃចំនួនប្រជាជន១៦លាននាក់។ ជាមួយគ្នានេះអ្នកបានចាក់ដូសទី៣ចំនួន ១០,២៦២,៥៨៣នាក់, ដូសទី៤ចំនួន ៤,៤៦៦,០៩៥នាក់ និងដូសទី៥ចំនួន ១,០០០,៤៤៥នាក់។
អស់ជាច្រើនខែមកហើយ ដែលកម្ពុជាពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ ខណៈអ្នកឆ្លងក៏បានថមថយជាបន្តបន្ទាប់ រហូតមកដល់៣ថ្ងៃចុងក្រោយជាប់ៗគ្នានេះ កម្ពុជាពុំមានអ្នកឆ្លងជំងឺកូវីដ១៩នោះឡើយ៕