(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកស្រី នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពផ្ដល់រង្វាន់ជ័យលាភីដល់កីឡាករ ក្រោយពីការប្រណាំងទូកបានបញ្ចប់ដោយជោគជ័យ។
ព្រឹត្តិការណ៍ប្រណាំងទូក «ង» ខ្នាតអន្តរជាតិនេះ មានរយៈពេល៣ថ្ងៃ គឺថ្ងៃទី២១-២៣ ខែតុលា ឆ្នាំ២០២២ និងបានបញ្ចប់ដោយជោគជ័យ ព្រមទាំងបង្កលក្ខណៈឱ្យមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ជាពិសេសមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងដើរលេងកម្សាន្តរយ៉ាងច្រើនកុះករ។
យោងតាមរបាយការណ៍ លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានបញ្ជាក់ថា គណៈកម្មការរៀបចំប្រណាំងទូក ង ខេត្តក្រចេះ បានរៀបចំប្រណាំងទូក ង ចំនួន១៣គូ ស្មើនឹង២៦ទូក ដែលទទួលលទ្ធផលដូចខាងក្រោម៖
ទូកទទួលបានចំណាត់ថ្នាក់លេខ១ មានចំនួន៧ទូក, ចំណាត់ថ្នាក់លេខ២មានចំនួន៧ទូក, ចំណាត់ថ្នាក់លេខ៣មានចំនួន៦ទូក និងចំណាត់លេខ៤មានចំនួន៦ទូក។
ក្នុងឱកាសនោះដែរ លោក វ៉ា ថន បានបញ្ជាក់ថា ទោះការប្រណាំងទូកបានបញ្ចប់មែន តែល្ងាចនេះនៅមានការប្រគំតន្រ្តី និងបាញ់កាំជ្រូចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទស្សនាបន្តទៀត ហើយលោកក៏សូមចូលរួមអបអរសាទរជាមួយនឹងកីឡាករទូកងទាំងអស់ ទោះចំណាត់ថ្នាក់បាន លេខ១ក្ដី លេខ២,៣,៤ក្ដី សុទ្ធតែឈ្នះទាំងអស់គ្នា ឈ្នះក្នុងន័យគាំទ្រប្រពៃណីរបស់យើង។
ក្នុងនាមរដ្ឋបាលខេត្ត លោកសូមផ្ដល់ជូនដល់ទូកដែលជាប់ចំណាត់ថ្នាក់លេខ១ ចំនួន៧ទូក ក្នុង១ទូកទទួលបានថវិកាចំនួន៣លានរៀល ទូកជាប់លេខ២ ចំនួន៧ទូក ក្នុងទូក១ទទួលបាន២លាន៥សែនរៀល ទូកជាប់ចំណាត់ថ្នាក់លេខ៣ ចំនួន៦ទូក ក្នុង១ទូកទទួលបាន២លានរៀល និងទូកជាប់ចំណាត់ថ្នាក់លេខ៤ ចំនួន៦ទូក ក្នុង១ទូកទទួលបាន ២លានរៀលផងដែរ។
លោក សូមអរព្រះគុណ និងអរគុណដល់ព្រះគ្រូចៅអធិការវត្ត គណៈកម្មការទូក និងក្រុមកីឡាករដែលបានចូលរួមពិធីអុំទូកនេះ។ លោកក៏សូមថ្លែងអំណរគុណដល់សប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភកម្មវិធី និងសូមអរគុណប្រជាពលរដ្ឋដែលបានអញ្ជើញមកទស្សនាយ៉ាងច្រើនកុះកុរ៕