(ព្រះវិហារ)៖ ជនជាតិចិនចំនួន៤នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួន ក្រោយប៉ុនប៉ងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវ តាមច្រកព្រំដែនកំពង់ស្រឡៅ ក្នុងស្រុកឆែប ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ។
មុនឃាត់ខ្លួនជនជាតិចិនទាំង៤នាក់នេះ សមត្ថកិច្ចបានចុះធ្វើសកម្មភាពល្បាតក្នុងភូមិសាស្រ្តខាងលើ ដោយមានការសង្ស័យ ក៏បានឃាត់រថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង ពាក់ស្លាកលេខ2AY 4971បើកបរដោយឈ្មោះម៉ែន រតនា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ក្នុងរថយន្តមានជនជាតិចិន៤នាក់ ស្រី១នាក់ ដែលបានធ្វើសម្មភាពបម្រុងលួចឆ្លងដែនទៅប្រទេសឡាវ ដោយខុសច្បាប់។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ច។
បច្ចុប្បន្នជនជាតិចិនទាំង៤នាក់ និងជនជាតិខ្មែរជាតៃកុងរថយន្តម្នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនិតិវិធីច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចចម្រុះប្រចាំការនៅច្រកព្រំដែនកំពង់ស្រឡៅ ក៏បានឃាត់ខ្លួនជនជាតិចិនចំនួន១៦នាក់ និងជនជាតិខ្មែរចំនួន២នាក់ផងដែរ ដែលប្រុងលួចឆ្លងដែនទៅប្រទេសឡាវដោយខុសច្បាប់។ ជនជាតិចិនទាំង១៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅប្រទេសចិនវិញ តាមច្រកព្រលានយន្តហោះខេត្តសៀមរាប ចំណែកជនជាតិចំនួន២នាក់ ត្រូវបានតុលាការខេត្តព្រះវិហារបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន៕