(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានដឹកនាំអង្គកឋិនទានដង្ហែទៅកាន់វត្តក្តីកណ្តាល ស្ថិតក្នុងភូមិ៥ សង្កាត់កំពង់ លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយប្រមូលបច្ច័យសរុបចំនួន ៣៥០លានរៀល ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅទីវត្តនោះ។

ការរៀបចំអង្គកឋិនទានដែលជាកំលាំងសាមគ្គីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជាមន្ត្រីរាជការ និងប្រជាពលរដ្ឋសប្បុរសជននៅរាជធានីភ្នំពេញ ខេត្តព្រៃវែង និងខេត្តដទៃទៀត តាមរយៈស្ថាប័ននានា និងមន្ទីរមុខងារសាធារណៈតាម រាជធានី-ខេត្តផងដែរ។

អង្គកឋិនទានត្រូវបានដង្ហែពីទីស្តីការក្រសួងមុខងារសាធារណៈទៅកាន់វត្តក្តីកណ្តាល ក្នុង ក្រុងព្រៃវែង ដែលមានការរៀបចំដង្ហែយ៉ាងអធិកអធមក្រៃលែង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ពុទ្ធបរិស័ទ មន្រ្តីរាជការ និងក្រុមញាតិគ្រួសាររបស់អ្នកផ្តើមបុណ្យ ហើយដង្ហែប្រទក្សិណជុំវិញព្រះវិហារវត្តកីកណ្តាល តាមកិច្ចនៃការប្រារព្ធទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា។

ក្នុងឱកាសដ៏សែនរីករាយនេះ រដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងអំណរគុណទៅកាន់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្ត និងអ្នកចូលរួមក្នុងកម្មវិធីបុណ្យកឋិនទានថា «ក្នុងអំឡុងពេល២៩ថ្ងៃ នៃរដូវកាលបុណ្យកឋិនទាន ដែលបានចាប់ផ្តើមពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិត ប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា តែង តែ ប្រារព្ធពិធីបុណ្យកឋិនទានប្រពៃណីពុទ្ធ សាសនា ប្រមូលបានបច្ច័យកសាងសមិទ្ធផលទ្រទ្រង់ព្រះពុទ្ធសាសនា។ ការរួបរួមគ្នាដោយសទ្ធា ជ្រះថ្លាជាកំលាំងសាមគ្គីក្នុង ពិធី បុណ្យ កឋិនទាន ទាំងអស់នេះ សបញ្ជាក់នូវជំនឿរឹងមាំរបស់ ប្រជាជនយើងចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ»

ម៉្យាងទៀត សាមគ្គីភាពនេះក៏ជាការចូលរួមចំណែកកាន់តែសកម្មខ្លាំងក្លាថែមទៀតរបស់ប្រជាជនយើង បន្តគាំទ្ររាជរដ្ឋាភិបាលក្រោមមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លានិងភ្លឺស្វាងរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ឱ្យកាន់តែរីកចម្រើនគ្រប់វិស័យ សំដៅពង្រឹងបុព្វហេតុ សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់ប្រជាជន និងប្រទេសជាតិយើងជារៀងដរាបតទៅ។

បន្ទាប់ពីពិធីវេរអង្គកឋិន និងបច្ច័យកសាងវត្តចំនួនសរុប៣៥០ លានរៀលប្រគេនដល់ព្រះសង្ឃក្នុងព្រះវិហារតាមពុទ្ធវិន័យរួចមក រដ្ឋមន្រ្តី ព្រុំ សុខា បានឆ្លៀតជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៃសាលាបឋមសិក្សា ព្រុំ សុន ក្តីកណ្តាល និង បានផ្តល់ជូននូវសម្ភារសិក្សា និងថវិកាមួយចំនួន ផងដែរ៕