(ស្វាយរៀង)៖ បន្ទាប់ពីហែអង្គកឋិនទានចូលវត្តព្រៃបាក្រុងស្ថិតនៅក្នុងឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង លោកស្រី ហ៉ឹម ម៉ាលី ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុករំដួលខេត្តស្វាយរៀង បានបន្តជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋ ជិត ២០០ គ្រួសារ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។

លោកស្រី ហ៉ឹម ម៉ាលី បានថ្លែងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋជានិច្ច និងមិនដែលរត់ចោលប្រជាពលរដ្ឋឡើយ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។

លោកស្រីក៏បានជំរុញដល់ប្រជាពលរដ្ឋ រាល់មានបញ្ហាអ្វីនៅមូលដ្ឋានត្រូវរាយការណ៍មកអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយឲ្យទាន់ពេលវេលា ហើយកុំជឿក្រុមអគតិមួយចំនួនដែលមិនដែលធ្វើអ្វីសោះ បានតែភូតភរកុហកបោកប្រាស់ ដូច្នេះមានតែគណបក្សប្រជាជនតែមួយគត់ ដែលបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត​ និងនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ។ លោកស្រីបន្តថា មានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី។

លោកស្រីបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សា សុខភាព ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់យក ការរស់នៅស្អាត ពិសារទឹកដាំពុះ ហូប ស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ។

សូមបញ្ជាក់ថា អំណោយចែកជូនដល់ប្រជាពលរដ្ឋជិត២០០ គ្រួសារនេះរួមមានសារ៉ុង ក្រមា ក្រណាត់សរ ទឹកត្រី ទឹកស៉ីអ៉ីវ និងថវិកា២ម៉ឺនរៀលក្នុងម្នាក់ៗផងដែរ៕