(ក្រចេះ)៖ លោក ព្រំុ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រណាំងទូក «ង» នៅខេត្តក្រចេះ។
ក្នុងពិធីនោះដែរដោយមានការចូលរួម ពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ លោក ហឿ ស៉ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋចូលរួមទស្សនា យ៉ាងច្រើនកុះករ។
យោងតាមរបាយការណ៍ លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ បានឲ្យដឹងថា ការប្រណាំងទូកង រត់ប្រណាំង និងប្រណាំងកង់ ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ និងប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២២៣ ហើយពិធីនេះប្រព្រិត្តទៅ នៅថ្ងៃទី២១ ដល់ ២៣ ខែតុលា ឆ្នាំ២០២២ នៅតាមដងទន្លេមេគង្គ ក្រុងក្រចេះ។
លោកបន្តថា ទូកដែលចូលរួមប្រណាំងគឺទូកប្រពៃណីខ្នាតអន្តរជាតិមានទូកសរុបចំនួន២៦ទូក និងគីឡាចំណុះទូកសរុប៧៩០នាក់, កីឡារត់ប្រណាំងចំនួន១៦១នាក់ ស្រី៤៨នាក់ និងកីឡា ប្រណាំងកង់មានចំនួន៦៤នាក់ ស្រី១៨នាក់។ ចំពោះការប្រណាំទូក ង ប្រព្រឹត្តទៅ ១ថ្ងៃ គឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោង១០៖៣០នាទីព្រឹកតទៅ ហើយការប្រណាំងចំនួនពីរជើង ក្នុងថ្ងៃតែមួយ។
ក្នុងឱកាសនោះដែរ លោក ព្រំុ សុខា បានថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅ ពិសេសចំពោះអាជ្ញាធរខេត្តក្រចេះ ដែលបានរៀបចំការប្រណាំងទូកដើម្បីរក្សាប្រពៃណីជាតិ គឺបុណ្យអុំទូក ខណៈខេត្តបានរៀបចំកម្មវិធីបុណ្យនេះ ដោយសារការណែនាំផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន៕