(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាយទាហាន នាយទាហានរង នៃកងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមគ្រួសារ ព្រមទាំងសប្បរសជន ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ផ្តើមបុណ្យកឋិនទានសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាឣស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តសាមគ្គីរាជវរារាម (ហៅវត្តថ្មី) ស្ថិតនៅសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបាននាំនៅបច្ច័យសម្រាប់កសាងប្រគេនព្រះសង្សសរុប ៧០លានរៀល ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា ការធ្វើកឋិនទាន គឺជាបុណ្យមួយមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ ជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ គឺរយៈកាលទទួលកឋិនទានក្តី និងរយៈកាលធ្វើកឋិនទានក្តីអាចធ្វើបានតែក្នុងសម័យតែ ១ខែគត់(២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក ។
លោកមេបញ្ជាការ បានបន្ថែមថា តាមសាសនាព្រះពុទ្ធបើខុសពីសម័យកាលនេះទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈ សណ្ឋានដូច កឋិន ក៏ដោយក៏មិនអាចហៅថាកឋិនបានឡើយ ព្រោះធ្វើខុសកាលទាន គឺមិនត្រូវតាមពុទ្ធានុញ្ញាឡើយ៕