(សៀមរាប)៖ អ្នកស្រី នឹម ចន្ធី ដែលស្ម័គ្រចិត្តចាកចេញពីសំណង់ខុសច្បាប់របស់ខ្លួននៅតំបន់អង្គរទៅរស់នៅតំបន់ពាក់ស្នែង និងបានទទួលការឧបត្ថម្ភបន្ថែមពីសម្តេចតេជោ ១ពាន់ដុល្លារដើម្បីដោះស្រាយជីវភាពនោះ បានចេញវីដេអូថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជួយឧបត្ថម្ភថវិកា ស្បៀងអាហារ និងសម្ភារៈដល់អ្នកស្រី ដើម្បីតាំងទីលំនៅថ្មី។

អ្នកស្រី នឹម ចន្ធី ជាពលរដ្ឋដែលទៅតាំងទីលំនៅថ្មីនៅតំបន់ពាក់ស្នែង ដែលបានចូលរួមក្ន​ុងពិធីសំណេះសំណាលជាមួយ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ ក្នុងពិធីសំណេះសំណាលនេះ លោកស្រីបានក្រោកឈររាយការណ៍ជូ​​នសម្តេច អំពីជីវភាពប្រចាំថ្ងៃ ជាពិសេសបានកោតសរសើរស្វាមីអ្នកស្រី ដែលបានធ្វើគ្រប់កិច្ចការ គ្រាដែលអ្នកស្រីពេលនេះ កំពុងមានជំងឺ។

អ្នកស្រី នឹម ចន្ធី បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានឧបត្ថម្ភថវិកា១ពាន់ដុល្លារបន្ថែមដើម្បីគ្រួសារអ្នកស្រីដោះស្រាយជីវភាព ដែលថវិកានេះ បានបន្ថែមទៅលើអ្វីដែលរាជរដ្ឋាភិបាលបានឧបត្ថម្ភរួមមាន អង្ករ ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ រួមជាមួយនឹងទឹកប្រាក់ ១លាន៤០ម៉ឺនរៀលផងដែរ។

ដោយអរគុណសម្តេចដែលតែងតែយកចិត្តទុកដោះស្រាយបញ្ហារប​ស់ប្រជាពលរដ្ឋគ្រប់គ្នា អ្នកស្រី នឹម ចន្ធី បានជូនពរដល់សម្តេចតេជោ ហ៊ុន សែន ឱ្យមានសុខភាពល្អ និងបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍបន្តរហូតទៀត។

អ្នកស្រីក៏បានថ្លែងអំណរគុណដល់ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ដែលបានផ្តល់អាហារូករណ៍ដល់កូនស្រីរបស់អ្នកស្រី ឱ្យបន្តរៀននៅថ្នាក់មហាវិទ្យាល័យ និងជួយលោកស្រី​ក្នុងការព្យាបាលជំងឺផងដែរ៕